ស៊ុយអែតនិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានជ្រើសរើសក្រុមហ៊ុន Naval Group របស់បារាំង ដើម្បីផ្គត់ផ្គង់នាវាចម្បាំងថ្មី ៤គ្រឿងសម្រាប់កងទ័ពជើងទឹករបស់ពួកគេ ក្នុងនោះការចែកចាយនាវាដំបូង នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០៣០ ក្នុងតម្លៃសរុប ៤,២៥ពាន់លានដុល្លារ ។
លោកនាយករដ្ឋមន្រ្តី Ulf Kristersson និយាយប្រាប់សន្និសីទសារព័ត៌មានថា ការបញ្ជាទិញនាវាចម្បាំង FDI របស់បារាំងនឹងក្លាយជាទិញគ្រឿងយុទ្ធោបករណ៍ធំបំផុតរបស់ស៊ុយអែត ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ។
ស៊ុយអែត ព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របពេលការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ជាមួយនឹងនាវាចម្បាំងថ្មី ដើម្បីពង្រីកសមត្ថភាពការពារសមុទ្ររបស់ពួកគេ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិស៊ុយអែតលោក Pal Jonson និយាយថា រដ្ឋាភិបាលរបស់លោកបានស្នើសុំឲ្យប្រព័ន្ធអាវុធជាច្រើនផលិតនៅក្នុងប្រទេសស៊ុយអែត រួមទាំងប្រព័ន្ធ Saab ផងដែរ ដែលអាចប្រើប្រាស់ដោយនាវាចម្បាំង ។
រដ្ឋាភិបាលស្តាំនិយមស៊ុយអែត ដែលស្ថិតក្នុងចំណោមប្រទេសគាំទ្រខ្លាំងបំផុតរបស់អ៊ុយក្រែននៅអឺរ៉ុប និយាយថា ពួកគេរំពឹងថានឹងឈានដល់គោលដៅចំណាយផ្នែកយោធា ៣,៥ភាគរយនៃផលិតក្នុងស្រុកសរុបរបស់អង្គការណាតូ នៅឆ្នាំ ២០៣០ខាងមុខនេះ ៕