
អង្គការសហប្រជាជាតិ(UN) បានព្រមានថា កង្វះខាតមូលនិធិធ្ងន់ធ្ងរ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការមនុស្សធម៌នៅទូទាំងដែនដីកាន់កាប់ប៉ាឡេស្ទីន ធ្វើឲ្យមនុស្សកាន់តែច្រើនជួបភាពអត់ឃ្លាន និងគ្មានសេវាកម្មសំខាន់ៗ ។
អ្នកនាំពាក្យ UNលោក Farhan Haq និយាយថា គម្រោង Flash Appeal 2026 ដែលស្វែងរកថវិកា ៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់មនុស្សជិត ៣លាននាក់ នៅទូទាំងតំបន់ហ្កាហ្សា និងតំបន់វ៉េសប៊ែង បច្ចុប្បន្នរកបានមូលនិធិត្រឹម ១២ភាគរយប៉ុណ្ណោះ ។
លោកថា មកទល់នឹងពេលនេះ ថវិកាត្រឹម ៤៩០លានដុល្លារប៉ុណ្ណោះ ត្រូវរៃអង្គាសបាន ហើយផលប៉ះពាល់ច្បាស់ជាកើតមានសម្រាប់ជំនួយស្បៀងអាហារ ។
យោងតាមការអះអាងរបស់លោក Haq បានឲ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥នាក់នៅតំបន់ហ្កាហ្សា បរិភោគអាហារតែម្តងប៉ុណ្ណោះ ក្នុងពេល ១ថ្ងៃ ហើយស្រ្តីជាម្តាយថែមទាំងមិនទទួលទានអ្វីទៀតផង ដើម្បីទុកចំណីអាហារសម្រាប់កូនៗរបស់ពួកគេ ។
លោកថា ភាគច្រើននៃពលរដ្ឋ ២,១លាននាក់នៅតំបន់ហ្កាហ្សា បន្តជម្លៀសខ្លួន និងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត ។ លោកបានធ្វើការសង្កត់ធ្ងន់ផងដែរថា ជនស៊ីវិលគួរត្រូវបានការពារ អនុញ្ញាតឲ្យធ្វើដំណើរទៅកាន់កន្លែងសុវត្ថិភាព ជាទីដែលតម្រូវការមូលដ្ឋាន ឈានដល់ ៕