កងទ័ពអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃអង្គារ ១៩ ឧសភាសប្ដាហ៍នេះ ថាខ្លួននឹងបើកសមរភូមិថ្មី ប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើបន្តការវាយប្រហារ បន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថា លោកបានផ្អាកការវាយលុកថ្មី ដោយសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយ។

ការព្រមាននេះបានកើតឡើងស្របពេលមានបទឈប់បាញ់ដ៏រង្គោះរង្គើចាប់តាំងពីថ្ងៃទី៨ ខែមេសា ២០២៦ នេះ ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានផ្លាស់ប្តូរសំណើក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ កុម្ភៈឆ្នាំនេះ។

នៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម Truth Social របស់លោក លោក Trump បាននិយាយថា ក្រុមមេដឹកនាំឈូងសមុទ្របានស្នើសុំឱ្យលោកផ្អាកការវាយប្រហារយោធាតាមផែនការរបស់អាមេរិកលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃពុធសប្ដាហ៍នេះ ហើយថាការចរចាច្បាស់លាស់កំពុងកើតឡើង។
ប៉ុន្តែលោក Trump បានបន្ថែមថា លោកបានណែនាំយោធាអាមេរិកឱ្យត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការវាយប្រហារទ្រង់ទ្រាយធំទាំងស្រុងលើអ៊ីរ៉ង់ភ្លាមៗ ក្នុងករណីកិច្ចព្រមព្រៀងដែលអាចទទួលយកបាន មិនត្រូវបានសម្រេចទេនោះ។

កាលពីថ្ងៃអង្គារដដែល អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានព្រមាន បើកសមរភូមិថ្មីប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើបន្តការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម។
លោកបានបន្ថែមថា យោធាអ៊ីរ៉ង់បានប្រើប្រាស់បទឈប់បាញ់ជាឱកាសមួយដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន ដោយមិនបានពន្យល់លម្អិតនោះទេ៕