ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ១៩ ឧសភា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់ រួមទាំងស្ត្រី ៤ នាក់ និងកុមារ ៣ នាក់ ជាការវាយប្រហារចុងក្រោយបំផុតស្ទើរតែរាល់ថ្ងៃពីភាគីទាំងពីរដែលមិនទាន់បានបញ្ឈប់ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ និងសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ។

យោធាអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីអ្នកស្លាប់ និងរបួស ឬឧបទ្ទវបហេតុជាក់លាក់នោះទេ ប៉ុន្តែបាននិយាយថា ចន្លោះពីរសៀលថ្ងៃចន្ទ ដល់រសៀលថ្ងៃអង្គារ ខ្លួនបានកំណត់គោលដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធហេសបូឡាជាង ២៥ កន្លែងនៅភាគខាងត្បូងប្រទេសលីបង់។

ការប្រយុទ្ធគ្នាចុងក្រោយរវាងអ៊ីស្រាអែល និងហេសបូឡាបានចាប់ផ្តើមនៅថ្ងៃទី ២ ខែមីនា២០២៦ ដោយក្រុមសកម្មប្រយុទ្ធលីបង់បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់។

នៅទីក្រុងបេរូត រដ្ឋាភិបាលបាននិយាយថា ការវាយប្រហារតែមួយលើកលើភូមិ Deir Qanoun al Nahr ក្នុងខេត្ត Tyre ឆ្នេរសមុទ្របានសម្លាប់មនុស្ស ១០ នាក់ រួមទាំងកុមារ ៣ នាក់ និងស្ត្រី ៣ នាក់។ បីនាក់បានរងរបួស រួមទាំងកុមារម្នាក់ផងដែរ។
ចំនួនអ្នកស្លាប់ថ្មីបានកើតឡើងមួយថ្ងៃបន្ទាប់ពីចំនួនអ្នកស្លាប់ក្នុងការប្រយុទ្ធគ្នាជុំចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើនលើស ៣.០០០នាក់ និងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១៧មេសា ត្រូវបានពន្យារពេលរយៈពេល ៤៥ថ្ងៃ៕