ប៉ូឡូញ៖ យ៉ាងហោចណាស់អ្នកស្ម័គ្រចិត្តជនជាតិបេឡារុស ៥០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ អង្គការមួយក្នុងទីក្រុង Warsaw មានទំនាក់ទំនងជាមួយអង្គភាព Azov របស់ប្រទេសអ៊ុយក្រែន កំពុងបណ្ដុះបណ្ដាលក្រុមអ្នកប្រយុទ្ធបេឡារុសក្នុងប្រទេសប៉ូឡូញ និងកំពុងបញ្ជូនពួកគេទៅកាន់ប្រទេសអ៊ុយក្រែន។

មេដឹកនាំអង្គការលោក Pavel Kukhta និយាយថា អង្គភាព Azov បាននឹងកំពុងវាយទប់ទល់ការវាយលុករបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនភាគខាងកើត ហើយក្រុមអ្នកស្ម័គ្រចិត្តបេឡារុសកំពុងប្រយុទ្ធក្នុងការសម្របសម្រួលជាមួយអង្គភាព Azov។ លោក Kukhta ដែលលោកជាជនជាតិបេឡារុសដែរនោះនិយាយថា កាតព្វកិច្ចគឺត្រូវជួយអ៊ុយក្រែន នៅទីកន្លែងដែលរុស្ស៊ីកាន់អាវុធនឹងតែងតែមានការបំផ្លាញ ហើយជនស៊ីវិលត្រូវបានសម្លាប់។ មេដឹកនាំនៅវិមានក្រឹមឡាំងមិនបានបោះបង់ចោលមហិច្ឆតា ក្នុងការពង្រីកទឹកដីរបស់ពួកគេនោះទេនៅគ្រប់ឱកាសទាំងអស់។
នៅក្នុងកម្រិតរដ្ឋាភិបាល ប្រទេសបេឡារុសគឺជាសម្ព័ន្ធមិត្តជិតស្និតរបស់រុស្ស៊ី។ ប្រទេសនេះបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងកម្លាំងរុស្ស៊ីក្នុងទឹកដីរបស់ខ្លួន មុនការវាយលុកនៅអ៊ុយក្រែនចាប់ផ្តើម។ សមយុទ្ធបានអនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ីមាននៅសេសសល់ក្នុងប្រទេសបេឡារុស ដើម្បីចាប់ផ្តើមការវាយលុកចូលកាន់តែកៀកទីក្រុងគីវ។ លោក Kukhta និយាយថា ប្រជាជនមួយចំនួនក្នុងប្រទេសបេឡារុសកំពុងរិះគន់ការវាយប្រហាររបស់រុស្ស៊ី ហើយកំពុងគាំទ្រអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន