ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទទួលបានការតែងតាំងថ្មីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងវិស័យកសិកម្ម។
ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាពីការពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ កិច្ចសហប្រតិបត្តិការធាតុចូលកសិកម្មផ្តោតសំខាន់លើជីប៉ូតាស ការជំរុញកសិ-ពាណិជ្ជកម្មទ្វេភាគីតាមរយៈការដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវទៅកាន់ទីផ្សារប្រទេសចិន និងជំរុញពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី





