អឺរ៉ុប៖ រដ្ឋឈានមុខមួយចំនួនរបស់សហភាពអឺរ៉ុប នឹងត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ឡើងវិញរបស់សកលវិទ្យាល័យ Oxford រួមសហការផលិតជាមួយក្រុមហ៊ុនផលិតឱសថ AstraZeneca របស់អង់គ្លេស បន្ទាប់ពីនិយតករឱសថអឺរ៉ុបបានសន្និដ្ឋានថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាព។

ទីភ្នាក់ងារឱសថសហភាពអឺរ៉ុបហៅកាត់ថា (EMA) បានពិនិត្យឡើងវិញនូវបញ្ហានេះ បន្ទាប់ពីរដ្ឋចំនួន ១៣ របស់សហភាពអឺរ៉ុបបានផ្អាកការប្រើប្រាស់វ៉ាក់សាំង ដោយសារការព្រួយបារម្ភទាក់ទងនឹងរបាយការណ៍ដែលថា មានឈាមកកក្នុងសរសៃឈាមក្រោយចាក់វ៉ាក់សាំង។ ការស៊ើបអង្កេតបានរកឃើញថា វ៉ាក់សាំងនេះមិនជាប់ពាក់ព័ន្ធនឹងហានិភ័យខ្ពស់ នៃការកកឈាមក្នុងសរសៃឈាមទេ។ ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញបាននិយាយថា ប្រទេសរបស់ខ្លួននឹងបន្តប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញ។ វាអាស្រ័យលើរដ្ឋនីមួយៗរបស់សហភាពអឺរ៉ុបក្នុងការសម្រេចថា តើពេលណាត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងឡើងវិញ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។
ប្រទេសស៊ុយអែតបាននិយាយថា ខ្លួនត្រូវការពេលវេលាពីរបីថ្ងៃទៀតដើម្បីសម្រេចចិត្ត។ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់បណ្ដាប្រទេស ឲ្យបន្តប្រើប្រាស់វ៉ាក់សាំងនេះ ហើយគ្រោងនឹងចេញផ្សាយលទ្ធផលនៃការពិនិត្យឡើងវិញ របស់ខ្លួនអំពីសុវត្ថិភាពវ៉ាក់សាំងនៅថ្ងៃសុក្រនេះ៕
អត្ថបទ៖ សុខមាន