ក្លិបបាល់ទាត់កាំភ្លើងធ Arsenal បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល ២២ ឆ្នាំ ដើម្បីក្លាយជាជើងឯកក្របខណ្ឌ Premier League បន្ទាប់ពីក្រុមលេខ២ Manchester City ប្រកួតស្មើ ១-១ នៅទឹកដី AFC Bournemouth។
ក្រុមដឹកនាំដោយលោក Mikel Arteta បានឈរនៅកំពូលតារាងស្ទើរតែពេញមួយរដូវកាល ហើយបច្ចុប្បន្នមាន ៤ ពិន្ទុនាំមុខ ខណៈនៅសល់តែ ១ ប្រកួតទៀតចប់រដូវកាល។ ការប្រកួតចុងក្រោយទល់នឹង Crystal Palace នៅថ្ងៃអាទិត្យ ទី ២៤ ខែឧសភា នឹងក្លាយជាការប្រកួតអបអរសាទរពានជើងឯកជាផ្លូវការសម្រាប់ Arsenal។

ក្រោយសំឡេងកញ្ចែបញ្ចប់ការប្រកួតរវាង Manchester City និង Bournemouth អ្នកគាំទ្រ Arsenal រាប់ពាន់នាក់បានចេញមកអបអរសាទរនៅតាមហាងកាហ្វេ បារ និងតំបន់ជុំវិញកីឡដ្ឋាន Emirates ដោយបង្កើតបរិយាកាសអ៊ូអរពេញទីក្រុងឡុងដ៍។
លោក Arteta វ័យ ៤៤ ឆ្នាំ ក៏បានក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុតដែលអាចនាំ Arsenal ឈ្នះជើងឯកលីគកំពូលអង់គ្លេស។ មុនការប្រកួត លោកបាននិយាយថា លោកនឹងក្លាយជា អ្នកគាំទ្រ Bournemouth ស្មោះស្ម័គ្របំផុត រយៈពេលពីរម៉ោង។
នេះគឺជាពានលីគកំពូលលើកដំបូងរបស់ Arsenal ចាប់តាំងពីឈ្នះចុងក្រោយនៅរដូវកាល ២០០៣-០៤ ក្រោមការដឹកនាំរបស់លោក Arsène Wenger ដែលក្រុមបានបញ្ចប់រដូវកាលដោយមិនស្គាល់ពាក្យថាចាញ់។ វាក៏ជាពានធំលើកដំបូងរបស់ក្លិប ចាប់តាំងពីឈ្នះ FA Cup ឆ្នាំ ២០២០ ក្នុងរដូវកាលដំបូងរបស់ Arteta ផងដែរ។
ជោគជ័យរបស់ Arsenal អាចនឹងកាន់តែអស្ចារ្យ បើពួកគេអាចយកឈ្នះ Paris Saint-Germain ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទីក្រុង Budapest ថ្ងៃទី ៣០ ខែឧសភា ដើម្បីគ្រងជើងឯក Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប៕ អត្ថបទ៖នាង សុភាវុធ
