សាខាធនាគារ និងហាងទំនិញជាច្រើននៅប្រទេសបូលីវី បានបិទទ្វារកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា នៅក្នុងទីក្រុង La Paz ដោយសារតែការព្រួយបារម្ភពីសន្តិសុខ ខណៈភាពចវឹកវរប្រឆាំងរដ្ឋាភិបាលកាន់តែកើនឡើង។
បាតុកម្មធ្វើឡើងដោយសហជីព កម្មករអណ្តូងរ៉ែ បុគ្គលិកដឹកជញ្ជូន និងក្រុមនៅជនបទ បានកើនឡើងក្នុងសប្តាហ៍ថ្មីៗនេះ ដោយជំរុញឱ្យប្រធានាធិបតីនិយមកណ្តាល លោក Rodrigo Paz ដកចេញវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយលើជីវភាពរស់នៅ។

ក្រុមបាតុករមួយចំនួន បានអំពាវនាវឱ្យលោកលាលែងពីតំណែង ដែលបង្ហាញពីប្រតិកម្មកាន់តែខ្លាំងប្រឆាំងរដ្ឋាភិបាលរបស់លោក ដែលបានចូលកាន់តំណែងកាលពីខែវិច្ឆិកា និងបានបញ្ចប់ការគ្រប់គ្រងរបស់ឆ្វេងនិយមរយៈពេលជិតពីរទសវត្សរ៍។

ខណៈទីក្រុងLa Paz ភាគកណ្តាលនៅតែស្ងប់ស្ងាត់កាលពីថ្ងៃអង្គារ ក្រុមបាតុករមួយចំនួនបានធ្វើដំណើរទៅកាន់តំបន់នោះ ហើយកូដកម្មផ្នែកដឹកជញ្ជូនសាធារណៈត្រូវបានរាយការណ៍នៅក្នុងទីក្រុង El Alto ដែលនៅជិតខាងនោះ។ ការចូលទៅកាន់ទីលាន Plaza Murillo ជាកន្លែងដែលវិមានប្រធានាធិបតីស្ថិតនៅ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយនគរបាល។
ការតវ៉ា បានបង្កឱ្យមានការបិទផ្លូវ ធ្វើឱ្យរថយន្តដឹកទំនិញជាប់គាំងនៅលើផ្លូវធំ ដែលនេះរួមចំណែកដល់ការខ្វះស្បៀង សម្ភារៈវេជ្ជសាស្ត្រ និងប្រេងឥន្ធនៈ ខណៈផ្លូវយ៉ាងហោចណាស់៣២កន្លែង ត្រូវបានបិទ។