អ៊ុយក្រែន៖ ជនភៀសខ្លួនអ៊ុយក្រែនបានបន្តឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញតាមព្រំដែនតំបន់ Medyka កាលពីថ្ងៃអាទិត្យក្នុងពេលប្រារព្ធពិធីបុណ្យ Easter របស់សាសនាកាតូលិក។ នៅខាងព្រំដែនប្រទេសប៉ូឡូញ ជនភៀសខ្លួនបាននិយាយអំពីបំណងប្រាថ្នារបស់ពួកគេ សម្រាប់បុណ្យ Easter សុំសន្តិភាព។

នាង Maria Dontsova ជនភៀសខ្លួនមកពីទីក្រុង Kharkiv បាននិយាយថា នាងបន់ស្រន់ឲ្យសង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ និងសុំឲ្យបញ្ចប់ទុក្ខវេទនានេះ។ ជនភៀសខ្លួនមកពីទីក្រុង Lviv បាននិយាយថា នាងសូមបួងសួងឲ្យអ៊ុយក្រែនឈ្នះសង្គ្រាម ហើយសន្តិភាពនឹងត្រូវបានស្តារឡើងវិញ។ នាងសង្ឃឹមថានឹងមានសន្តិភាពនៅទូទាំងប្រទេស។ ជនភៀសខ្លួនម្នាក់ទៀតមកពីទីក្រុង Odesa បាននិយាយថា នាងប្រាថ្នាចង់ត្រឡប់ទៅលំនៅឋានវិញឆាប់ៗនេះ។ គ្រូពេទ្យជនជាតិប៉ូឡូញ និងសហការីស្ម័គ្រចិត្តរបស់ពួកគេបានរៀបចំអាហារបុណ្យ Easter ប្រពៃណីសម្រាប់ជនភៀសខ្លួន។
ក្រុមគ្រូពេទ្យនិយាយថា ពួកគេ និងសហការីចង់ធ្វើឱ្យជនភៀសខ្លួនបំភ្លេចពីស្ថានភាពដ៏អាក្រក់របស់ពួក ហើយគិតថាមានសង្ឃឹម និងមានភាពសុខសាន្ត។ អង្គការទេសន្តោប្រវេសន៍អន្តរជាតិបានប៉ាន់ប្រមាណថា ប្រជាជនជាង ១២លាននាក់កំពុងជាប់គាំងនៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្រោមការវាយប្រហារ។ យោងតាមតួលេខថ្មីរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនជាង ៤.៦លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនរហូតមកដល់ពេលនេះ ហើយជាង ២.៦លាននាក់បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ៕
អត្ថបទ៖ ប៊ុនថន