ក្រោយប្រទេសថៃបានបិទព្រំដែនជាឯកតោភាគី ហើយពលរដ្ឋខ្មែរបន្តធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃរយៈពេលជិត ១ឆ្នាំមកនេះ ដំណើរការដោះដូរទំនិញ និងការទិញលក់តាមបណ្តាផ្សារនានានៅភ្នំពេញ ដូចជាផ្សារអូរឫស្សី ផ្សារធំថ្មី និងផ្សារឈូកមាសជាដើម នៅតែរក្សាបានសភាពល្អប្រសើរ ព្រមទាំងមានសណ្តាប់ធ្នាប់ល្អប្រសើរ ខណៈសន្ទុះពហិការទំនិញថៃរបស់ពលរដ្ឋបន្តកើនឡើងខ្លាំង។
ជួបសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋដែលជាអាជីវករនៅផ្សារឈូកមាស ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ពួកគាត់បាននិយាយឱ្យដឹងថា សព្វថ្ងៃនេះតាមការមើលឃើញជាក់ស្តែង ទាំងម្ហូបអាហារ របស់របរប្រើប្រាស់ ស្លៀកពាក់ និងសម្ភារៈផ្សេងៗ គឺមានច្រើនសន្ធឹកសន្ធាប់ណាស់ ដែលមិនបង្កឱ្យមានការខ្វះខាតក្នុងការទិញលក់នោះទេ។
ក្រុមអាជីវករផ្សារ បានលើកឡើងស្រដៀងគ្នាទៀតថា បើនិយាយដល់ការរកប្រាក់ចំណូលពីការលក់ដូរសព្វថ្ងៃ ទោះបីជាមានការថយចុះ ប៉ុន្តែនៅតែអាចប្រកបរបរលក់ដូរបានជាធម្មតា គ្រាន់តែថ្ងៃខ្លះដាច់អស់ច្រើន និងថ្ងៃខ្លះលក់ដាច់តិច តែប៉ុណ្ណោះ។
ក្រុមអាជីវករ បានសម្តែងការអរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបន្តដឹកនាំប្រទេសជាតិរស់នៅក្នុងសុខសន្តិភាព។ ឆ្លៀតក្នុងឱកាសនេះ ក្រុមអាជីវករ ក៏បានផ្ញើរសារលើកទឹកចិត្តដល់កងទ័ពជួរមុខទាំងអស់បំពេញការងារប្រកបដោយភាពជោគជ័យគ្រប់ភារកិច្ច និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់បន្តប្រើប្រាស់និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាងការនាំចូល ដើម្បីថែសេដ្ឋកិច្ចជាតិឱ្យល្អប្រសើរ។
គួររម្លឹកថា គិតមកដល់បច្ចុប្បន្ននេះ រយៈពេលជិត១ឆ្នាំហើយ ដែលភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនគោកជាមួយកម្ពុជា កាលពីថ្ងៃទី៧ ខែមុថុនា ឆ្នាំ២០២៥។ ពាក់ព័ន្ធការបិទច្រកព្រំដែននេះដែរ ប្រទេសកម្ពុជាក៏បានសម្រេចផ្អាកការនាំចូលដាច់ខាតនូវមុខទំនិញមួយចំនួនពីប្រទេសថៃ ដូចជា៖ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី











