នាថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រធានាធិបតី លោក Vladimir Putin បានប្រាប់សមភាគីចិនរបស់លោក គឺលោកស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំងថា ចំណងទាក់ទង រវាងប្រទេសរុស្ស៊ី និងចិន ស្ថិតក្នុងកម្រិតមិនធ្លាប់មានពីមុន ហើយលោកបានអញ្ជើញមេដឹកនាំចិនឲ្យទៅទស្សនកិច្ចនៅរុស្ស៊ីឆ្នាំក្រោយ។

រូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបង្ហាញថា នៅពេលដែលពួកលោកបានជួបគ្នានៅមហាសាលប្រជាជនចិន លោក Putin បាននិយាយទៅកាន់លោក ស៊ី ថា៖ «ថ្ងៃនេះ ទំនាក់ទំនងរបស់ពួកយើង បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ដែលបម្រើជាគំរូនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ សូម្បីតែក្នុងពេលដែលកត្តាខាងក្រៅមិនអំណោយផលក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកយើង កំពុងបង្ហាញពីសន្ទុះវិជ្ជមាន និងរឹងមាំ»។

ចំណែកលោក ស៊ី វិញ បានសាទរចំពោះ «ទំនាក់ទំនងដ៏រឹងមាំ» រវាងចិន និងរុស្ស៊ី។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា លោកស៊ី បានប្រាប់ទៅលោក Putin ថា៖ «យើងអាចបន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ទាំងផ្នែកនយោបាយ និងការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់យើងជាមួយនឹងភាពធន់ដែលនៅតែរឹងមាំ ទោះបីជាមានការលំបាក និងភាពច្របូកច្របល់ក៏ដោយ»។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឲ្យដឹងទៀងថា ជាមួយគ្នានេះ លោក ស៊ី ក៏បានប្រាប់មេដឹកនាំរុស្ស៊ីផងដែរថា ការមានអរិភាពបន្ថែមទៀត នៅតំបន់មជ្ឈិមបូព៌ា «មិនត្រូវកើតឡើងឡើយ»។ លោកបានបន្ថែមថា ការបញ្ឈប់សង្គ្រាម នឹងជួយកាត់បន្ថយការរំខានដល់ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ក៏ដូចជាសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា លោក Putin បានចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃទៅកាន់ប្រទេសចិន កាលពីថ្ងៃអង្គារ ដោយដំណើរនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ទើបបានចាកចេញពីទីក្រុងប៉េកាំង ក្រោយបញ្ចប់ទស្សនកិច្ច ៣ថ្ងៃ៕