នៅថ្ងៃពុធនេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា គឺជាគ្រឿងយុទ្ធោបករណ៍ សម្រាប់សមយុទ្ធកម្លាំងនុយក្លេអ៊ែរ ។

កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសសមយុទ្ធនុយក្លេអ៊ែររយៈពេល ៣ថ្ងៃដែលនឹងរួមបញ្ចូលការបាញ់មីស៊ីលបាលីស្ទិក និងមីស៊ីលតម្រង់គោលដៅ ។
សមយុទ្ធយោធាដែលពាក់ព័ន្ធនឹងទាហាន ៦៤.០០០នាក់ គ្រឿងយុទ្ធោបករណ៍ ៧.៨០០គ្រឿងនេះ នឹងហាត់សមការត្រៀមខ្លួន និងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពាន ។

ក្រសួងបន្តទៀតថា កងកម្លាំងរ៉ុក្កែតរុស្ស៊ី កងនាវាសមុទ្រខាងជើង និងសមុទ្រប៉ាស៊ីហ្វិក កងកម្លាំងអាកាសរយៈចម្ងាយឆ្ងាយ និងអង្គភាពមកពីតំបន់យោធាភូមិភាគកណ្តាល និងតំបន់ Leningra នឹងចូលរួមសមយុទ្ធយោធានេះ ។
ជើងទម្របាញ់មីស៊ីលជាង ២០០គ្រឿង យន្តហោះ ១៤០គ្រឿង នាវាចម្បាំង ៧៣គ្រឿង នាវាមុជទឹក ១៣គ្រឿង រួមទាំងនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្រ្ត ៨គ្រឿង នឹងជាប់ពាក់ព័ន្ធជាមួយសមយុទ្ធយោធាខាងលើ ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែរនេះ នឹងរួមបញ្ចូលផងដែរការហ្វឹកហាត់របៀបប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិករុស្ស៊ី ដែលត្រូវបានដាក់ពង្រាយនៅប្រទេសបេឡារុស ៕