យោងតាមអ្នកវិភាគបានឲ្យដឹងថា ប្រេងរបស់រុស្ស៊ី កំពុងលេចចេញជាអ្នកទទួលផលសំខាន់នៃសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់ ខណៈប្រទេសនានាប្រញាប់ប្រញាល់ជួលនាវាដឹកប្រេង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មជាបណ្តោះអាសន្ន។

បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងលើកលែងទណ្ឌកម្មទាក់ទងនឹងប្រេងរបស់រុស្ស៊ី លើ ប្រទេសមួយចំនួន ដើម្បីបន្ធូរបន្ថយកង្វះការផ្គត់ផ្គង់បណ្តាលមកពីការបិទច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ ដែលក្នុងពេលសន្តិភាព ការដឹកជញ្ជូនប្រេងនិងឧស្ម័នមានចំនួន ២០ ភាគរយនៃពិភពលោក មកពីក្រុមហ៊ុនផលិតនៅឈូងសមុទ្រ។
ក្នុងសប្តាហ៍នេះ មានរបាយការណ៍ថា នាវាដឹកប្រេងមួយចំនួនដែលដឹកប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន បានផ្លាស់ប្តូរទិសដៅ ហើយធ្វើដំណើរឆ្ពោះទៅប្រទេសឥណ្ឌាជំនួសវិញ។

យោងតាមតួលេខពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានឲ្យដឹងថា រុស្ស៊ីទទួលបានប្រាក់ចំណូលបន្ថែមចំនួន៧៧៧លានដុល្លារពីការលក់ប្រេងក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើននាក់ផ្សេងទៀត។