ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់សមភាគីរបស់លោក គឺលោក Vladimir Putin ថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារការដើរថយក្រោយទៅរក «ច្បាប់ព្រៃ» ខណៈដែលលោកបានព្យាយាមពណ៌នាទីក្រុងប៉េកាំងថា ជាកម្លាំងនៃស្ថិរភាពសកល ដោយការលើកឡើងនេះ កើតមានត្រឹមតែប៉ុន្មានថ្ងៃបុណ្ណោះ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាមេរិក លោក Donald Trump សម្រាប់កិច្ចប្រជុំកំពូល។

នៅទីក្រុងប៉េកាំង នាថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ ក្នុងជំនួបកំពូលរបស់មេដឹកនាំទាំង២ លោក ស៊ី និងលោក Putin បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការបង្កើនបន្ថែមទៀតនូវការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការពង្រឹងភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំង២។

មេដឹកនាំរុស្ស៊ី និងចិន បានជួបគ្នានៅទីលានធានអានមិន (Tiananmen Square) នៅថ្ងៃពុធ មុនពេលបើកកិច្ចពិភាក្សាទ្វេភាគី នៅមហាសាលប្រជាជនចិន និងមានពិធីជប់លៀងផ្លូវរដ្ឋ។ ជំនួបកំពូលនេះ មានគោលបំណងបញ្ជាក់ជាថ្មីនូវទំនាក់ទំនងចិន-រុស្ស៊ី នៅពេលដែលទីផ្សារថាមពលសកល និងខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវបានរំខាន ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
ក្នុងជំនួបទល់មុខនេះ លោក ស៊ី បានប្រាប់លោក Putin ថា វិបត្តិនៅឈូងសមុទ្រ កំពុងស្ថិតនៅ «ដំណាក់កាលដ៏សំខាន់» ហើយបានបញ្ជាក់ជាថ្មីនូវការអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នា ដើម្បីជួយធ្វើឲ្យមានស្ថិរភាពដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការអត្ថាធិប្បាយដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
យ៉ាងណាក្ដី ដោយលើកឡើងពីទំហំពាណិជ្ជកម្មជាង ២០០ពាន់លានដុល្លារ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើថាមពល មេដឹកនាំចិនបានមានប្រសាសន៍បន្ថែមថា៖ «ទោះបីជាមានកត្តាមិនអំណោយផល នៅលើឆាកអន្តរជាតិក៏ដោយ ក៏ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំង២ បានបន្តអភិវឌ្ឍជាបន្តបន្ទាប់»៕