ពលរដ្ឋសហរដ្ឋអាមេរិកម្នាក់ដែលបានឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅព្រឹកថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ប្រទេសអាល្លឺម៉ង់ សម្រាប់ការព្យាបាល ។
អ្នកជំងឺម្នាក់នេះ ត្រូវបានគេផ្តល់អត្តសញ្ញាណថា ជាសាសនទូតវេជ្ជសាស្រ្តលោក Peter Stafford ដែលធ្វើការនៅទីនោះ អំឡុងការរីករដាលដ៏កម្រនៃជំងឺអេបូឡា ដែលបានសម្លាប់មនុស្សជាង ១៣០នាក់ ។
ក្រសួងសុខាភិបាលអាល្លឺម៉ង់និយាយថា លោក Stafford នឹងត្រូវបញ្ជូនទៅដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យ Charité ស្ថិតក្នុងទីក្រុងប៊ែរឡាំង ។
ពួកគេបន្តថា អាល្លឺម៉ង់មានបណ្តាញក្រុមគ្រូពេទ្យជំនាញដែលអាចគ្រប់គ្រង និងមើលថែអ្នកជំងឺ មានជំងឺឆ្លងកម្រិតខ្ពស់បាន ។

យោងតាមការអះអាងរបស់មន្ទីរគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក បានឲ្យដឹងថា ខណៈពេលនោះដែរ មនុស្ស ៦នាក់ផ្សេងទៀត ដែលត្រូវបានគេបញ្ជាក់ថា បានប្រាស្រ័យទាក់ទងប្រកបដោយហានិភ័យខ្ពស់ បានធ្វើដំណើរទៅកាន់អឺរ៉ុបផងដែរ ។ ភាគច្រើននៃពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅអាល្លឺម៉ង់ ខណៈករណីសង្ស័យម្នាក់ ត្រូវបញ្ជូនទៅកាន់សាធារណរដ្ឋឆេក ។
ការរីករាលដាលឆ្លងនេះ ត្រូវបានគេប្រកាសថា ជាគ្រាអាសន្នសុខភាពសាធារណៈ ដោយអង្គការសុខភាពពិភពលោក(WHO) ខណៈក្រុមមន្រ្តីសុខភាព កំពុងព្យាយាមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា ៕
