រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump «មិនប្រញាប់ប្រញាល់» នោះឡើយ ក្នុងការពង្រីកបន្ថែមនូវពេលវេលានៃការផ្អាកជម្លោះពាណិជ្ជកម្ម ពាក់ព័ន្ធនឹងពន្ធគយ និងរ៉ែសំខាន់ៗជាមួយប្រទេសចិនដែលនឹងបញ្ចប់នៅខែវិច្ឆិកា ខណៈមានពេលវេលា ដើម្បីបន្តវា នៅក្នុងកិច្ចប្រជុំ នាចុងឆ្នាំនេះ។
នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោក ចាប់តាំងពីបានចូលរួមកិច្ចប្រជុំកំពូលដ៏មានហានិភ័យខ្ពស់ កាលពីសប្តាហ៍មុន ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង លោក Bessent បាននិយាយថា លោកជឿជាក់ថា ប្រទេសចិននឹងទទួលយកការអត្រាពន្ធគយពីមុនរបស់សហរដ្ឋអាមេរិក តាមរយៈកាតព្វកិច្ចពន្ធថ្មីមាត្រា ៣០១ ដរាបណាមិនមានការដំឡើងខ្ពស់ជាងនេះ។

នៅក្រៅកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G7 (ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧) នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកបាននិយាយថា ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ «ទទួលបានកិច្ចព្រមព្រៀង» ស្ដីពីអត្រាពន្ធទាបជាងមុន ដោយសារសេចក្ដីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ដែលលុបចោលកាតព្វកិច្ចពន្ធសកលបន្ទាន់របស់ប្រធានាធិបតី Donald Trump។
លោក Bessent បាននិយាយអំពីការផ្អាកជម្លោះពន្ធគយខែវិច្ឆិកា ឆ្នាំ២០២៥ ថា៖ «ខ្ញុំគិតថា យើងមិនប្រញាប់ប្រញាល់ ក្នុងការបន្ថែមពេលវេលាទេ។ អ្វីគ្រប់យ៉ាងមានស្ថិរភាពល្អណាស់»។
គួរបញ្ជាក់ថា ការផ្អាកជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ដែលបានចរចាអស់រយៈពេលជាច្រើនខែកាលពីឆ្នាំមុន បានបញ្ចៀសការដួលរលំទាំងស្រុងនៃពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក បន្ទាប់ពីពន្ធថ្មីរបស់លោក Trump លើទំនិញចិន បានជំរុញឲ្យមានការសងសឹក និងការដំឡើង ដែលនាំឲ្យអត្រាពន្ធឡើងដល់កម្រិត ៣ខ្ទង់៕

