រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) ថា អង្គការសុខភាពពិភពលោក (WHO) ជាស្ថាប័នរបស់អង្គការសហប្រជាជាតិ (UN) ដែលប្រធានាធិបតី លោក Donald Trump បានបញ្ឈប់ការផ្តល់មូលនិធិ កំណត់អត្តសញ្ញាណការផ្ទុះឡើងនូវជំងឺអេបូឡាយឺតពេល។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើសហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុសនេះយ៉ាងដូចម្តេច លោក Rubio បាននិយាយថា «ដោយជាក់ស្តែង ចំណុចសំខាន់ គឺថា គួរឲ្យសោកស្ដាយ CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) និងអង្គការសុខភាពពិភពលោក (WHO) កំណត់អត្តសញ្ញាណបញ្ហានេះយឺតពេលបន្តិច»។
WHO ត្រូវបានបង្ខំកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន ដោយសារការបញ្ចប់ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដែលជាអ្នករួមចំណែកសប្បុរសដ៏ធំបំផុត ដោយមានថវិកាជាង ១ពាន់លានដុល្លារ ដែលបានបែងចែកជារៀងរាល់ឆ្នាំក្រោមការដឹកនាំរបស់លោក Joe Biden។
នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាលោក Rubio ជឿថា WHO មានភាពយឺតយ៉ាវ ក្នុងការកំណត់អត្តសញ្ញាណជំងឺនេះ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់ក្រសួងការបរទេស ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ស្ថាប័នរបស់ UN មួយនេះ ចំណាយពេល ១០ថ្ងៃ ដើម្បីបញ្ជាក់ពីការផ្ទុះឡើងនូវជំងឺអេបូឡា។
គួរបញ្ជាក់ថា WHO កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា បានឲ្យដឹងថា ខ្លួនមានក្ដីបារម្ភ អំពី «ទំហំ និងល្បឿន» នៃការផ្ទុះឡើងនូវជំងឺអេបូឡា ដែលអាជ្ញាធរសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បញ្ជាក់ថា បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១៣៦នាក់៕


