ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសានេះថា ការព្រួយបារម្ភ មានការឆ្លងកូវីដ-១៩ ឬមិនព្រួយបារម្ភ យេីងគួរពិនិត្យមេីលតាមស្ថានភាព នៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយេីង ហេីយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។
លោកជំទាវបានបញ្ជាក់ថា «យេីងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡេីយទេ ព្រោះទេីបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីង ដែលត្រូវរង់ចាំ និងបន្តពិនិត្យមេីលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ»។
លោកជំទាវបន្តថា ការទទួលខុសត្រូវ របស់បុគ្គល និងសហគមន៍ នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហេីយប្រសិនបេីលោកអ្នកមានការសង្ស័យ សូមធ្វេីតេស្តរហ័ស ឬ ទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។ បេីលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបេីក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហេីយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ។
លោកជំទាវបានអំពាវនាវថា បើរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរបណ្តាលមកពីកូវីដ-១៩ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសំងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិតបាន និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដេីម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។
ទន្ទឹមនឹងនោះលោកជំទាវ អំពាវនាវដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដេីម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅ ដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន៕