ភ្នំពេញ៖ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែមេសា ឆ្នាំ២០២៦ បានអនុម័តគម្រោងវិនិយោគចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារចំនួន ១៨ពាន់កន្លែង។
សេចក្តីប្រកាសព័ត៌មាន CDC បានផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុប ២២២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។
សេចក្តីប្រកាសព័ត៌មាន បន្តទៀតថា គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមេសា ឆ្នាំ២០២៦គឺ គម្រោងវិនិយោគលើវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ដូចជា គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងនៅស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងទំហំទុនវិនិយោគ ប្រមាណ ២០លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន១៧៤កន្លែង។
គម្រោងវិនិយោគដែលមានភាពលេចធ្លោបន្តទៀតគឺផ្នែក ឧស្សាហកម្ម ដូចថា គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃប្រេងសម្រាប់សម្បកកង់យានយន្ត និងប្រេងសម្រាប់ផលិតផលកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ៩,៦លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ៣៥០កន្លែង។
សម្រាប់ខែមេសា ឆ្នាំនេះ ប្រភពទុនវិនិយោគដែលឈានមុខគេគឺវិនិយោគិនចិនមានចំណែក ៧៦% និងប្រភពទុនវិនិយោគក្នុងស្រុកគឺកម្ពុជាមានចំនួនចំណែក ៣៣% នៃទុនវិនិយោគសរុប។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ គឺខេត្តកណ្តាលទទួលបានគម្រោងវិនិយោគច្រើនជាងគេមានចំនួន១២គម្រោង តាមពីក្រោយខេត្តកំពង់ស្ពឺមានចំនួន ១០គម្រោង។
ដោយឡែក ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគចំនួន៦ បន្ទាប់មក ខេត្តព្រះសីហនុ និងស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន ៥ ដូចគ្នា ខណៈខេត្តបាត់ដំបង, ត្បូងឃ្មុំ, និងកំពត ទទួលបានគម្រោងវិនិយោគចំនួន១ ដូចគ្នា៕ អត្ថបទ៖ ធូ វិរៈ

