សហរដ្ឋអាមេរិកនឹងធានាថា ក្រុមជម្រើសជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) អាចចូលប្រទេសបាន ដើម្បីប្រកួតបាល់ទាត់ពិភពលោក (World Cup) ដោយលើកលែងបម្រាមមិនឲ្យចូលប្រទេស ទាក់ទងនឹងជំងឺអេបូឡា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។
មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «យើងរំពឹងថា ក្រុមបាល់ទាត់របស់ជម្រើសចាតិកុងហ្គោ នឹងអាចចូលរួមព្រឹត្តិការណ៍ World Cup បាន»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានហាមឃាត់ជនបរទេសដែលធ្លាប់ស្នាក់នៅកុងហ្គោ អ៊ូហ្គង់ដា ឬស៊ូដង់ខាងត្បូង ក្នុងរយៈពេល ២១ថ្ងៃមុននេះ មិនឲ្យចូលមកលេងកម្សាន្តប្រទេស ដោយសារតែការផ្ទុះឡើងនូវជំងឺអេបូឡាដែលបណ្ដាលឲ្យមានអ្នកស្លាប់ច្រើន។
មន្ត្រីអាមេរិករូបនេះបានបញ្ជាក់ថា ក្រុមជម្រើសជាតិកុងហ្គោ ដែលជាក្រុមតែ ១គត់ ក្នុងចំណោមប្រទេសទាំង៣ ទទួលបានសិទ្ធិទៅចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំរបស់ពិភពលោក បានហ្វឹកហាត់រួចហើយ នៅអឺរ៉ុប ដូច្នេះពួកគេប្រហែលជាមិនត្រូវបានហាមឃាត់ក្នុងករណីណាក៏ដោយ។
ប៉ុន្តែប្រសិនបើពួកគេពិតជាបានស្នាក់នៅកុងហ្គោ ក្នុងរយៈពេល ២១ថ្ងៃកន្លងមក ពួកគេនឹងត្រូវរងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដែលត្រូវបានតម្រូវ សម្រាប់ពលរដ្ឋអាមេរិកដែលវិលត្រឡប់ចូលប្រទេសវិញ។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេ នៅរដ្ឋ Texas ដោយត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី១៧ ខែមិថុនា៕

