នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យការរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំផ្ទះយ៉ាងមានសោភ័ណភាព និងការរៀបចំមុខរបររបស់ខ្លួន ដើម្បីជាចំណូលបន្ថែមក្នុងជីវភាពប្រចាំថ្ងៃ។
អំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រាប់ពីការរៀបចំឲ្យមានផ្សារបណ្តោះអាសន្ននាពេលខាងមុខ ដើម្បីផ្តល់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹកជាអាជីវករលក់ដូរផងដែរ។
បន្ទាប់ពីចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឆ្លៀតឱកាសជួបសំណេះសំណាល់ជាមួយប្រជាពលរដ្ឋភៀសសឹក ដើម្បីស្តាប់ និងទទួលសំណូមពរដោះស្រាយពីបញ្ហាប្រឈមជូនពួកគាត់៕











