យោងតាមច្បាប់ចម្លងដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ បានបង្ហាញថា សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សទាំង២ នឹងបង្ហាញសេចក្តីព្រាងច្បាប់ នៅថ្ងៃអង្គារ ដែលមានគោលបំណងប្រឆាំងនឹងការលក់ឧបករណ៍ AI (បញ្ញាសិប្បនិម្មិត) របស់ប្រទេសចិន នៅបរទេស។
ច្បាប់នេះ ដែលណែនាំដោយលោកស្រី Jeanne Shaheen មកពីគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋ New Hampshire និងលោក Pete Ricketts មកពីគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Nebraska នឹងបង្កើតការិយាល័យមួយ នៅក្នុងក្រសួងការបរទេស ដើម្បីជួយឧបត្ថម្ភដល់ការទិញបច្ចេកវិទ្យារបស់រដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យដំណើរការលទ្ធកម្មកាន់តែមានភាពងាយស្រួលឡើងៗ។
ប្រសិនបើត្រូវបានអនុម័ត មូលនិធិដែលមានតម្លៃ ៥០០លានដុល្លារ នឹងត្រូវបានបង្កើតឡើង ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះ។ សេចក្តីព្រាងច្បាប់នេះ ដែលសេចក្ដីលម្អិតកំពុងត្រូវបានសារព័ត៌មាន Reuters រាយការណ៍ដំបូងគេ នឹងស្វែងរកការជំរុញគំនិតផ្តួចផ្តើម Pax Silica របស់រដ្ឋបាលលោក Donald Trump។
កិច្ចប្រឹងប្រែងនោះ មានគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសម្ព័ន្ធមិត្ត ដោយធានានូវលទ្ធភាពចូលប្រើប្រាស់រ៉ែសំខាន់ៗ និងសមាសធាតុខ្សែច្រវាក់ផ្គត់ផ្គង់ AI សំខាន់ៗផ្សេងទៀត។ លោកស្រី Shaheen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រកួតប្រជែងរបស់យើងជាមួយប្រទេសចិន គឺផ្តោតលើសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍ និងលើកកម្ពស់បច្ចេកវិទ្យានាពេលអនាគតដល់ដៃគូរបស់យើង»។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ បើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Griffith របស់ប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតង នៅទីក្រុងសៀងហៃ បានឲ្យដឹងថា កិច្ចប្រឹងប្រែងផ្នែកនីតិបញ្ញត្តិនេះ ក៏កើតឡើងផងដែរ ខណៈដែលចិនបានបញ្ចេញទឹកប្រាក់ចំនួន ២១៣ពាន់លានដុល្លារកាលពីឆ្នាំមុន សម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសដ៏ធំរបស់ប្រទេសនេះ៕

