រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក António Guterres បានពិភាក្សាលើកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការដាក់មីន និងការយកពន្ធទំនិញ នៅច្រកសមុទ្រ Hormuz រួមទាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តសុខ UN លើបញ្ហានេះផងដែរ ។

លោក Tommy Pigott គឺជាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោករដ្ឋមន្រ្តី Rubio បានធ្វើការសង្កត់ធ្ងន់ពីការគាំទ្រដ៏លើសលប់នៃសមាជិក UN សម្រាប់កិច្ចខិតខំទាំងនេះ ។
គួរឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅប្រទេសចិនកាលពីសប្តាហ៍មុន លោក Rubioនិយាយថា លោកប្រធានាធិបតី Donald Trump និងមន្ត្រីរដ្ឋបាលអាមេរិក ព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក Xi Jinping ឲ្យដើរតួនាទីសកម្មក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
សូមបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានរារាំងនាវានានាមិនឲ្យចាកចេញពីកំពង់ផែអ៊ីរ៉ង់អស់រយៈពេលជាងមួយខែមកហើយ និងបានធ្វើឲ្យបង្អាក់ដល់ទំហំឧស្សាហកម្មនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់ផងដែរ ៕
