ប្រទេសរុស្ស៊ី និងចិន នៅថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងដល់ស្ថិរភាពជាយុទ្ធសាស្ត្រ ហើយថា ទីក្រុងវ៉ាស៊ីនតោន មិនបានទទួលខុសត្រូវ ដោយមិនធ្វើការ ស្ដីពីកិច្ចព្រមព្រៀងជំនួសសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់។
ការរិះគន់នេះត្រូវបានចេញនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានស្វាគមន៍សមភាគីរបស់លោក គឺលោក Vladimir Putin ជាមួយនឹងកងឆ្មាំកិត្តិយស និងការបាញ់កាំភ្លើងគំនាប់ នៅឯមហាសាលប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ខណៈក្មេងៗ បានគ្រវីទង់ជាតិចិន និងរុស្ស៊ី។

ប្រព័ន្ធការពារមីស៊ីល Golden Dome មានគម្រោងពង្រឹងដល់ការពង្រីកការការពារដែលមានមូលដ្ឋានលើដី ដូចជាមីស៊ីលស្ទាក់ចាប់ ឧបករណ៍ចាប់សញ្ញា ហើយនិងប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ ខណៈពេលដែលបន្ថែមប្រព័ន្ធមានមូលដ្ឋានក្នុងលំហ ដែលមានន័យថា រកឃើញ តាមដាន និងបាញ់ទម្លាក់ការគំរាមកំហែងដែលចូលមកពីគន្លងតារាវិថី។ ទាំងនេះនឹងរួមបញ្ចូលបណ្តាញផ្កាយរណបទំនើប និងអាវុធក្នុងគន្លងតារាវិថី។
ប្រទេសទាំង២ បានសង្កត់ធ្ងន់ថា៖ «ភាគីនានាជឿជាក់ថា គម្រោង Golden Dome របស់សហរដ្ឋអាមេរិក ដែលមានគោលបំណងសាងសង់ប្រព័ន្ធការពារមីស៊ីលគ្មានដែនកំណត់ ពហុកម្រិត ពហុវិស័យ និងសកល ដើម្បីបំផ្លាញមីស៊ីលគ្រប់ប្រភេទ រួមទាំងមីស៊ីលគូប្រជែង គ្រប់ប្រភេទ នៅគ្រប់ដំណាក់កាលនៃការហោះហើររបស់មីស៊ីលទាំងនោះ និងមុនពេលពួកវាត្រូវបានបាញ់បង្ហោះ បង្កការគំរាមកំហែងជាក់ស្តែងដល់ស្ថិរភាពជាយុទ្ធសាស្ត្រ»។
ជាមួយគ្នានេះ ចិន និងរុស្ស៊ី បានបន្ថែមទៀតថា៖ «ផែនការទាំងនេះផ្ទុយទាំងស្រុងពីគោលការណ៍សំខាន់នៃការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ ដែលតម្រូវឲ្យមានការតភ្ជាប់គ្នាទៅវិញទៅមកនូវអាវុធវាយលុកជាយុទ្ធសាស្ត្រ និងអាវុធការពារជាយុទ្ធសាស្ត្រ»។
ជាងនេះទៀត ប្រទេសទាំង២ ក៏បានលើកឡើងផងដែរថា ពួកគេសោកស្តាយចំពោះ «គោលនយោបាយមិនទទួលខុសត្រូវ» របស់សហរដ្ឋអាមេរិក ដែលបានបណ្ដោយឲ្យសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ឆ្នាំ២០១០ ផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងជំនួស នៅដើមឆ្នាំនេះ៕
