ក្រុមអាជ្ញាធរក្នុងតំបន់និយាយថា យានដ្រូនរុស្ស៊ី បានវាយប្រហារអគាររស់នៅរបស់អ្នកស្រុក នៅទីក្រុងភាគខាងជើង Konotop ប្រទេសអ៊ុយក្រែននាថ្ងៃពុធនេះ បណ្តាលឲ្យស្រ្តីវ័យ ៩៤ឆ្នាំម្នាក់ ស្លាប់ និងមនុស្ស ១១នាក់ ផ្សេងទៀតរងរបួស ។
អភិបាលតំបន់ Sumy លោក Oleh Hryhorov និយាយថា ជនរងគ្រោះរស់នៅក្នុងអគាររងការវាយប្រហារយានដ្រូនរុស្ស៊ី បានស្លាប់ រយៈពេល ២ថ្ងៃ ក្រោយប្រារព្ធខួបកំណើតរបស់គាត់ ។
លោកបន្តថា មនុស្សយ៉ាងហោច ១១នាក់ ដែលភាគច្រើននៃពួកគេជាមនុស្សចាស់ បានរងរបួស នៅក្នុងការវាយប្រហារនេះ និងទទួលបានការព្យាបាលវេជ្ជសាស្រ្ត ។
រូបភាពពីកន្លែងកើតហេតុឃើញក្រុមជួយសង្រ្គោះ ប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ និងសុនខហិតក្លិន តាមគំនរបាក់បែកអគារ ពេលដែលពួកគេបោសសម្អាតកម្ទេចកម្ទីចេញពីអគាររងការខូចខាត ។
ដោយឡែក នៅទីក្រុងភាគខាងកើត Dnipro មនុស្ស ២នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ី ហើយមនុស្ស ៦នាក់ផ្សេងទៀត រងរបួស ក្នុងនោះអគាររស់នៅរបស់អ្នកស្រុក ដឺប៉ូស្តុកទំនិញ និងរថយន្តជាច្រើនគ្រឿង រងការខូចខាត ៕

