នាថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេស លោក Ishaq Dar បានប្រកាសឲ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នៅថ្ងៃទី ២៣-២៦ ខែឧសភា។

អំឡុងពេលថ្លែងទៅកាន់សម័យប្រជុំព្រឹទ្ធសភា លោក Dar ដែលជាឧបនាយករដ្ឋមន្ត្រីដែរនេះ បាននិយាយថា លោកនឹងអមដំណើរលោក Sharif ក្នុងអំឡុងពេលទស្សនកិច្ចនេះ។
យោងតាមសម្ដីរបស់លោក បានឲ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន នឹងមានកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំចិន ក្នុងនោះរួមមានទាំងលោកប្រធានាធិបតី Xi Jinping និងលោកនាយករដ្ឋមន្ត្រី Li Qiang ផងដែរ។ ជាមួយគ្នានេះ លោក Sharif ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំអាជីវកម្ម និងមានវត្តមានក្នុងព្រឹត្តិការណ៍ដែលប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត រវាងប៉ាគីស្ថាន និងចិន។
លោក Dar បានបញ្ជាក់ថា៖ «យើងក៏នឹងមានកិច្ចប្រជុំនៃយន្តការសំខាន់ចំនួន ២ ផងដែរ ដោយទី១វេទិកានយោបាយប៉ាគីស្ថាន-ចិន និងទី២ យន្តការពិគ្រោះយោបល់រួមគ្នា CPEC (ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន)»។ ហើយលោកបានបន្ថែមថា គណៈប្រតិភូសភាពហុបក្សដ៏ធំមួយ ទៅពីប៉ាគីស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំជាច្រើន នៅទីក្រុងប៉េកាំង។
យ៉ាងណាក្ដី ទីក្រុងប៉េកាំងមិនទាន់បានបញ្ជាក់ជាផ្លូវការ អំពីដំណើរទស្សនកិច្ចនេះនៅឡើយទេ៕
