នៅថ្ងៃពុធនេះ អ៊ីស្រាអែលបោះជំហានកាន់តែជិតទៅរកការបោះឆ្នោតមុនអាណត្តិ ក្រោយក្រុមតំណាងរាស្រ្ត ឯកភាពដំបូង ដើម្បីរំលាយសភា ក្នុងនោះការស្ទង់មតិបង្ហាញថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងចាញ់ការបោះឆ្នោតថ្នាក់ជាតិលើកដំបូង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីឆ្នាំ ២០២៣ ។

ក្រុមតំណាងរាស្រ្តបានបោះឆ្នោតស្ទើរតែឯកច្ឆន្ទឲ្យមានការបោះឆ្នោតមុនអាណត្តិ ក៏ដូចជាការរំលាយសភាមាន ១២០អាសនៈ ។
បើសិនជាទទួលបានការឯកភាពផ្តាច់ព្រ័ត្រ ដំណើរការបោះឆ្នោតអាចនឹងចំណាយពេលច្រើនសប្តាហ៍ ធ្វើឲ្យអ៊ីស្រាអែលអាចនឹងរៀបចំការបោះឆ្នោតរយៈពេលច្រើនសប្តាហ៍ មុនឱសានវាទនាថ្ងៃទី ២៧ ខែតុលា ។
ក្រុមចម្រុះផ្ទាល់ខ្លួនរបស់លោក Netanyahu បានដាក់ជូនសំណើរច្បាប់ ដើម្បីរំលាយសភា ក្រោយក្រុមកាន់វិន័យចាស់ជ្រុលនិយម(អរថូដុក)ជិតស្និតនឹងមេដឹកនាំអ៊ីស្រាអែលរូបនេះ ចោទប្រកាន់រូបលោកថា ពុំបានធ្វើតាមការសន្យា ក្នុងការអនុម័តច្បាប់លើកលែងសហគមន៍របស់ពួកគេ ពីការចូលបម្រើយោធាតាមកាតព្វកិច្ច ។
សមាជិកសភា ១១០នាក់ បានបោះឆ្នោតឈរខាងសំណើច្បាប់ ដោយគ្មានការប្រឆាំង ឬអនុប្បវាទ ។ បច្ចុប្បន្ននេះ សំណើនេះនឹងត្រូវបន្តទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាទីដែលកាលបរិច្ឆេតបោះឆ្នោតត្រូវយល់ព្រម មុនពេលបញ្ជូនត្រឡប់កាន់សភាវិញ សម្រាប់ការអនុម័តផ្តាច់ព្រ័ត្រ ៕
