តុលាការជាន់ខ្ពស់អ៊ីស្រាអែល បានបដិសេធញត្តិដាក់ដោយអង្គការជំនួយអន្តរជាតិ ដែលកំពុងមានប្រតិបត្តិការ នៅដែនដីប៉ាឡេស្ទីន ហើយបានផ្តល់រយៈពេល ១ខែ ឲ្យក្រុមទាំងនោះដាក់បញ្ជីឈ្មោះបុគ្គលិកទៅរដ្ឋាភិបាល ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការបញ្ឈប់ប្រតិបត្តិការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីស្រាអែល នៅថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ។
រដ្ឋាភិបាលបានឲ្យដឹងថា ញត្តិនេះត្រូវបានដាក់ដោយ AIDA ជាក្រុមឆ័ត្រមួយដែលតំណាងឲ្យអង្គការជំនួយមិនមែនរដ្ឋាភិបាលអន្តរជាតិចំនួន ១៩ ដែលធ្វើការនៅក្នុងតំបន់ហ្កាហ្សា និងតំបន់កាន់កាប់ West Bank។

យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ញត្តិនេះបានកើតឡើង បន្ទាប់ពីអង្គការទាំងនោះបានបដិសេធមិនផ្តល់បញ្ជីឈ្មោះបុគ្គលិកមូលដ្ឋានរបស់ពួកគេដល់អ៊ីស្រាអែល «តាមការតម្រូវ ក្រោមនីតិវិធីចុះបញ្ជីអង្គការមិនមែនរដ្ឋាភិបាល និងការត្រួតពិនិត្យសន្តិសុខ»។
គួរបញ្ជាក់ថា ក្រុមជំនួយអន្តរជាតិរាប់សិបបានប្រឆាំងនឹងការតម្រូវថ្មីរបស់អ៊ីស្រាអែល ដែលរួមមានការដាក់ឈ្មោះបុគ្គលិកមូលដ្ឋាន ការកំណត់អត្តសញ្ញាណអ្នកទទួលផលជំនួយ និងការចៀសវាងការរិះគន់អ៊ីស្រាអែល ជាលក្ខខណ្ឌសម្រាប់ការបន្តប្រតិបត្តិការ នៅក្នុងតំបន់កាន់កាប់ West Bank និងតំបន់ហ្កាហ្សា៕


