ទួរគីបានឲ្យដឹងនៅថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះថា អាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសនេះ សម្រាប់ការដាក់ពង្រាយរយៈពេល ៦ខែ ចាប់ពីខែមិថុនា ដើម្បីជំនួសប្រព័ន្ធដែលត្រូវដាក់ពង្រាយ ជាផ្នែកមួយនៃវិធានការរបស់អង្គការណាតូ (NATO) នៅភាគអាគ្នេយ៍នៃប្រទេសទួរគី ដើម្បីជំរុញការការពារដែនអាកាស ក្នុងអំឡុងពេលមានសង្គ្រាម នៅអ៊ីរ៉ង់។
កាលពីខែមីនា ទីក្រុង Ankara បាននិយាយថា ប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់ភាគអាគ្នេយ៍ទួរគី នៅជិតមូលដ្ឋានរ៉ាដារបស់អង្គការណាតូ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីល ពីអ៊ីរ៉ង់។ ប្រព័ន្ធការពាររបស់អង្គការណាតូ បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកចំនួន ៤គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ អំឡុងសង្គ្រាម។
ក្រសួងការពារជាតិទួរគីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ថែមពីលើប្រព័ន្ធការពារដែនអាកាស Patriot របស់អេស្ប៉ាញ ដែលកំពុងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់យើង ប្រព័ន្ធ Patriot មួយ ក្នុងចំណោមប្រព័ន្ធបន្ថែមចំនួន ២ ដែលដាក់ពង្រាយដោយអង្គការណាតូ ដោយសារតែជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវជំនួសដោយប្រព័ន្ធរបស់អាល្លឺម៉ង់»។
ក្រសួងការពារជាតិទួរគីបានបញ្ជាក់ថា៖ «ការដាក់ជំនួសនេះ ត្រូវបានគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ហើយប្រព័ន្ធនេះត្រូវបានគេរំពឹងថា នឹងនៅតែដំណើរការប្រហែល ៦ខែ»។ ក្រសួងបានបន្ថែមថា ការវាយតម្លៃសន្តិសុខ នឹងបន្តសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត។
គួរបញ្ជាក់ថា ទួរគីដែលមានកងទ័ពធំទី២ របស់អង្គការណាតូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចាត់វិធានការសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើអ្នកផ្គត់ផ្គង់ខាងក្រៅ នៅក្នុងឧស្សាហកម្មការពារជាតិ។ តែបើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះក៏ដោយ ក៏វានៅតែខ្វះប្រព័ន្ធការពារដែនអាកាសដ៏ទូលំទូលាយ ហើយពឹងផ្អែកលើប្រព័ន្ធរបស់អង្គការណាតូដែលដាក់ពង្រាយនៅក្នុងតំបន់ ដើម្បីជួយគាំទ្រ៕