អ៊ីតាលីនឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ជុំវិញការប្រព្រឹត្តចំពោះសកម្មជនដែលពាក់ព័ន្ធនឹងកងនាវាជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលនាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni និងរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានពិពណ៌នានៅថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះថា «មិនអាចទទួលយកបាន»។
ថ្នាក់ដឹកនាំទាំង២ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «រូបភាពរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលលោក Ben Gvir គឺមិនអាចទទួលយកបានទេ។ វាមិនអាចទទួលយកបានទេដែលអ្នកតវ៉ាទាំងនេះ រួមទាំងពលរដ្ឋអ៊ីតាលីជាច្រើនរូបផងដែរ ត្រូវបានប្រព្រឹត្តដាក់បែបនេះ ដែលជាការរំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្ស»។
រដ្ឋាភិបាលអ៊ីតាលីបានឲ្យដឹងទៀតថា ខ្លួនកំពុងចាត់វិធានការភ្លាមៗ នៅកម្រិតស្ថាប័នខ្ពស់បំផុត ដើម្បីធានាឲ្យមានការដោះលែងពលរដ្ឋអ៊ីតាលីដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ ទីក្រុងរ៉ូមក៏បានទាមទារផងដែរឲ្យមានការសូមអភ័យទោស ចំពោះការប្រព្រឹត្តលើសកម្មជនទាំងនោះ និងអ្វីដែលខ្លួនពិពណ៌នាថា ជាការមិនអើពើ ចំពោះសំណើជាក់លាក់របស់ខ្លួន។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ដោយសារហេតុផលទាំងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលភ្លាមៗ ដើម្បីស្នើសុំការបំភ្លឺជាផ្លូវការ អំពីអ្វីដែលបានកើតឡើង»។
គួរបញ្ជាក់ថា កងនាវាផ្ដល់ជំនួយមនុស្សធម៌ Global Sumud Flotilla នៅមុននេះបានឲ្យដឹងថា នាវាទាំង ៥០គ្រឿង នៅក្នុងក្បួននាវាជំនួយរបស់ខ្លួន ត្រូវបានឃាត់ទុកដោយអ៊ីស្រាអែល។ នាវាទាំងអស់ បានដឹកមនុស្សចំនួន ៤២៨នាក់ មកពី ៤៤ប្រទេស ដោយចេញដំណើរពីតំបន់ Marmaris របស់ទួរគី ជាការប៉ុនប៉ងថ្មី ដើម្បីទម្លាយការបិទផ្លូវដោយខុសច្បាប់របស់អ៊ីស្រាអែល ដែលបានដាក់លើតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧ មក។ នេះមិនមែនជាឧប្បត្តិហេតុដំបូងដែលពាក់ព័ន្ធនឹងកងនាវានេះនោះទេ៕