នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង បានបង្ហាញសុទិដ្ឋិនិយមដ៏ប្រុងប្រយ័ត្នរបស់ពួកគេ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយពួកគេនិយាយថា ទំនាក់ទំនងជិតស្និទ្ធជាងមុនរវាងចិន និងរុស្ស៊ី អាចនឹងគាំទ្រដល់សន្តិសុខថាមពល ហើយនិងបន្ធូរបន្ថយសម្ពាធ ពាក់ព័ន្ធនឹងក្តីបារម្ភការផ្គត់ផ្គង់ប្រេងសកល ខណៈរួមចំណែកនូវស្ថិរភាពការទូត ។
លោក Chen Hong គឺជាសហគ្រិនវ័យ ៥៣ឆ្នាំមួយរូប រស់នៅក្នុងទីក្រុងប៉េកាំង និយាយថា ទំនាក់ទំនងជិតស្និត នឹងធ្វើឲ្យប្រទេសទាំង ២កាន់តែសុវត្ថិភាព តាមរយៈកិច្ចសហប្រតិបត្តិការ នៅក្នុងបរិស្ថានសកលដ៏តានតឹង ដោយរូបលោកបង្ហាញក្តីសង្ឃឹមថា ដរាបណាគ្មានសង្រ្គាម មនុស្សអាចរស់នៅ និងធ្វើការ ប្រកបដោយស្ថិរភាពជាងនេះ ។
មេដឹកនាំចិន និងរុស្ស៊ី បានជួបជុំគ្នានៅទីក្រុងប៉េកាំង សម្រាប់ជំនួបដែលទីក្រុងមូស្គូ ត្រូវបានគេរំពឹងថា នឹងព្យាយាមជំរុញកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័ន ដែលស្ថិតក្រោមការចរចាអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ។
ភាពជាដៃគូគ្មានដែនកំណត់រវាងចិន និងរុស្ស៊ី បានពង្រឹងចាប់តាំងពីបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ី សម្រាប់សង្រ្គាមរបស់ពួកគេនៅអ៊ុយក្រែន ។
វិមានក្រឹមឡាំង បានកំណត់ការរំពឹងខ្ពស់ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Putin ជាទីដែលមេដឹកនាំទាំង ២ នឹងពិភាក្សាលើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើន ៕