
ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលទេនោះ ព្រឹទ្ធសភាជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ស្អែកនេះ នឹងពិនិត្យយល់ព្រមលើសេចក្តីព្រាងច្បាប់ស្ដីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលច្បាប់មួយនេះ នឹងជួយឲ្យការធ្វើកសិកម្មរបស់ពលរដ្ឋខ្មែរទូទៅ មានលក្ខណៈស្ដង់ដារអន្តរជាតិ ។
ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ មានប្រសាសន៍ថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភានីតិកាល ទី៤ ។

ឯកឧត្តមបានបន្តថា ច្បាប់នេះមានសារៈសំខាន់ណាស់ ព្រោះកម្ពុជាត្រូវការជាចាំបាច់ ក្នុងការជួយដល់ប្រជាកសិករ ដើម្បីឲ្យការដាំដុះ ការរៀបចំប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត ត្រូវតាមស្ដង់ដារប្រទេសធំៗ ដែលកម្ពុជាត្រូវនាំកសិផលទៅកាន់ទីផ្សារ នៃប្រទេសទាំងនោះ ។
បច្ចុប្បន្ន ក្រៅពីដំណាំស្រូវ កម្ពុជាកំពុងធ្វើការដាំដុះនូវដំណាំកសិកម្មជាច្រើនប្រភេទ មានទាំងដំណាំឧស្សាហកម្ម ផ្លែឈើ បន្លែ និងដំណាំជាច្រើនមុខទៀត ហើយការយល់ដឹងពីការរប្រើប្រាស់ជីគីមី ក៏ដូចជាថ្នាំបាញ់សត្វល្អិតរបស់កសិករ នៅមានកម្រិត ខណៈកម្ពុជាក៏បានចាប់ផ្ដើមអនុវត្តនូវកិច្ចព្រមព្រៀងទីផ្សារពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងច្បាប់ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្ដល់សច្ចាប័នរួចរាល់ហើយដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ



