កីឡា៖ ក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាដែលកំពុងប្រមូលផ្ដុំ ក្នុងមណ្ឌលហ្វឹកហាត់បិទខ្ទប់នៃពហុកីឡដ្ឋានជាតិមរតកតេជោ បាននាំគ្នាប្រកួតកីឡា និងលេងល្បែងកម្សាន្តរយៈពេល ៣ថ្ងៃពេញនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ កាលពីចុងសប្ដាហ៍កន្លងទៅ ជំនួសឲ្យការដើរហើរចេញក្រៅក្នុងន័យបង្ការការឆ្លងជំងឺកូវីដ-១៩ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភាខាងមុខ។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរយៈពេល ៣ថ្ងៃកាលពីថ្មីៗ មជ្ឈមណ្ឌលពុំបានអនុញ្ញាតឲ្យគ្រូបង្វឹកក៏ដូចជាកីឡាករ-កីឡាការិនីឈប់សម្រាកនោះទេ តែថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡាជាតិបានរៀបចំកម្មវិធីសង្ក្រាន្ដឆ្នាំថ្មីក្នុងមណ្ឌល ដោយមានការប្រកួតកីឡា និងល្បែងកម្សាន្ដសប្បាយៗជាច្រើន រួមមានការប្រកួតបាល់ទាត់ បាល់ទះ រត់បណ្ដាក់បុរស-នារី ១០០ម៉ែត្រគុណនឹង ៤ ព្រមទាំងល្បែងកម្សាន្ដ វាយក្អម លោតប៉ាវ និងច្រៀង-រាំងកម្សាន្ដជាដើម។ ឆ្លើយតបជាមួយការរៀបចំនេះក៏ដូចជាដើម្បីបង្ការជំងឺរាតត្បាតជាសកលផង គេឃើញក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាបាននាំគ្នាចូលរួមសកម្មភាពប្រកួតកីឡា និងល្បែងកម្សាន្ដនានារយៈពេល ៣ថ្ងៃ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំផងដែរ រួមមានឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយករដ្ឋនកីឡា, ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងថ្នាក់ជាតិជាច្រើនរូបទៀតដើម្បីលេងកម្សាន្ដ និងផ្ដល់ភាពកក់ក្ដៅដល់កីឡាករ-កីឡាការិនីទាំងអស់។
ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដដែលបន្ដថា បន្ទាប់ពីការចូលរួមប្រកួតកីឡា និងលេងល្បែងកម្សាន្ដដើម្បីអបអរសាទរសង្ក្រាន្ដឆ្នាំថ្មីរួចមក ក្រុមជម្រើសជាតិទាំងអស់ក៏បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់វិញធម្មតា ក្រោមការតាមដានសុខភាព និងការយកចិត្តទុកដាក់ជាប់លាប់របស់មជ្ឈមណ្ឌល ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ ចំពោះវិធានការក្នុងមណ្ឌលបិទខ្ទប់វិញ មិនថា មុន-ក្រោយ ឬអំឡុងបុណ្យចូលឆ្នាំថ្មីនោះទេ សម្រាប់អ្នកចេញក្រៅពេលត្រឡប់ចូលមណ្ឌលវិញត្រូវធ្វើចត្ដាឡីស័កយ៉ាងហោច ៥ថ្ងៃដើម្បីតាមដានសុខភាព និងធ្វើតេស្ដកូវីដ-១៩ មុនអនុញ្ញាតឲ្យចូលប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាវិញ៕ អត្ថបទ៖ លី ឈុនឡា