សហរដ្ឋអាមេរិកបានចេញការចោទប្រកាន់ព្រហ្មទណ្ឌសហព័ន្ធប្រឆាំងនឹងលោក Raúl Castro អតីតប្រធានាធិបតីគុយបា និងមនុស្ស ៥នាក់ ផ្សេងទៀត កាលពីថ្ងៃពុធ ដែលជាការកើនឡើងភាពតានតឹងគួរឲ្យកត់សម្គាល់នៃយុទ្ធនាការរបស់រដ្ឋបាលលោក ត្រាំ ដើម្បីផ្តួលរំលំរបបកុម្មុយនិស្ត ដែលមានអាយុកាល៦ ទសវត្សរ៍របស់ប្រទេសនេះ។

ឥស្សរជននយោបាយអាយុ ៩៤ ឆ្នាំ រូបនេះ ត្រូវបានចោទប្រកាន់ដោយតុលាការសហព័ន្ធ នៅក្នុងទីក្រុងម៉ៃអាមីនៃរដ្ឋហ្វ្លរីដាពីបទឃុបឃិតគ្នាសម្លាប់ពលរដ្ឋអាមេរិក ឃាតកម្មចំនួន ៤ករណី និងបំផ្លាញយន្តហោះចំនួនពីរករណី។
ជនជាប់ចោទផ្សេងទៀត គឺក្នុងចំណោមនោះមានអ្នកបើកយន្តហោះចម្បាំងម្នាក់ ដែលដំបូងឡើយត្រូវបានចោទប្រកាន់ទាក់ទងនឹងឧប្បត្តិហេតុមួយក្នុងឆ្នាំ ១៩៩៦ ដែលបុរស ៤នាក់ ត្រូវបានសម្លាប់ដោយយោធាគុយបានៅពេលដែលយន្តហោះរបស់ពួកគេ ត្រូវបានបាញ់ទម្លាក់ ក្នុងអំឡុងពេលបេសកកម្មមនុស្សធម៌ នៅច្រកសមុទ្រ Florida។
លោក Castro ជារដ្ឋមន្ត្រីក្រសួងការពារជាតិគុយបានៅពេលនោះ ត្រូវបានគេចោទប្រកាន់ថា បានចេញបញ្ជាឲ្យបើកការបាញ់ប្រហារ។ ការចោទប្រកាន់លើរូបលោក Raul Castro នេះ គឺជា «សញ្ញាមួយដែលបង្ហាញថា លោក ត្រាំ មានបំណងចង់បន្តវាយប្រហារប្រទេសគុយបា ក្នុងពេលឆាប់ៗនេះ»៕
