បាល់ទាត់៖ ក្រុមយក្សអេស្ប៉ាញ FC Barcelona បានរងបរាជ័យគួរឱ្យភ្ញាក់ផ្អើលក្នុងទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុមភ្ញៀវក្បែរបាតតារាង Cadiz ១-០ មុនពេលបាតុកម្មផ្ទុះឡើងក្រោយចប់ការប្រកួត។

ក្រុមភ្ញៀវ Cadiz ចាប់ផ្តើមការប្រកួតដោយឈរក្នុងតំបន់គ្រោះថ្នាក់ តែមួយគ្រាប់ជ័យជំនះរបស់ Lucas Perez នៅនាទីទី៤៨ ធ្វើឱ្យ Cadiz ទទួលបាន ៣ពិន្ទុដ៏មានសារសំខាន់ឡើងមកឈរលេខ ១៦ មាន ៣២ពិន្ទុពីលើតំបន់គ្រោះថ្នាក់ ៣ពិន្ទុវិញ។ នេះជាបរាជ័យក្នុងផ្ទះដំបូងរបស់ Barcelona នៅ La Liga តាំងពីថ្ងៃទី៤ ខែធ្នូ និងបញ្ចប់ដំណើរមិនចាញ់ ១៥ប្រកួតជាប់គ្នាក្នុងលីគ ហើយក៏ជាបរាជ័យក្នុងផ្ទះ ២ប្រកួតជាប់គ្នាផងដែររាប់ទាំងចាញ់ Frankfurt ធ្លាក់ពី UEFA Europa League សប្តាហ៍មុន។

អ្នកគាំទ្រ Barcelona ក្រោយចប់ការប្រកួតគេឃើញមានការផ្ទុះឡើងនៃបាតុកម្ម ប្រឆាំងប្រធានក្លិបបច្ចុប្បន្នលោក Joan Laporta ផងដែរ។ បរាជ័យរបស់ Barcelona បានធ្វើឱ្យក្រុមគូប្រជែង Real Madrid កាន់តែកៀកក្នុងការគ្រងជើងឯកដោយក្រុមរបស់លោក Carlo Ancelotti នៅពេលនេះដាច់ ១៥ពិន្ទុ ខណៈនៅសល់ ៧ប្រកួតទៀតចប់រដូវកាល៕
អត្ថបទ៖នាង សុភាវុធ