អ្នកតាំងលំនៅអ៊ីស្រាអែល បានដុតបំផ្លាញរថយន្តនៅក្នុងទីក្រុង Halhul នៃដែនដីប៉ាឡេស្ទីនកាលពីថ្ងៃពុធ ទី២០ ខែឧសភា ជាឧប្បត្តិហេតុចុងក្រោយនៃអំពើហិង្សារបស់អ្នកតាំងលំនៅឋានប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញរថយន្តដែលឆេះនៅតាមដងផ្លូវ ខណៈកងកម្លាំងអ៊ីស្រាអែល កំពុងស៊ើបអង្កេតករណីនេះ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ទាហានរបស់កងកម្លាំងការពារអ៊ីស្រាអែល ត្រូវបាន «បញ្ជូនទៅកាន់ទីក្រុង Halhul បន្ទាប់ពីការដុតរថយន្ត រចនាសម្ព័ន្ធ និងគំនូរលើជញ្ជាំង ហើយពួកគេបានស្វែងរកជនសង្ស័យនៅក្នុងតំបន់នោះ»។

អំពើហិង្សាធ្វើឡើងដោយអ្នកតាំងលំនៅឋានអ៊ីស្រាអែលប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ West Bank បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ ដោយពលរដ្ឋប៉ាឡេស្ទីនជាង៨០០នាក់ បានភៀសខ្លួនដោយសារតែការវាយប្រហាររបស់អ្នកតាំងលំនៅឋានក្នុងឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។
នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀត អ្នកតាំងលំនៅឋានអ៊ីស្រាអែល បានសាងសង់ផ្ទះចល័តនៅជិតភូមិ Umm Al Khair ដែលក្រុមគ្រួសារ និងក្រុមសិទ្ធិមនុស្ស បាននិយាយថា វាជាប៉ុស្តិ៍ត្រួតពិនិត្យដែលមិនត្រូវបានអនុញ្ញាតនៅក្នុងតំបន់ West Bank។ អ្នកស្រុកបាននិយាយថា ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនេះនឹងរារាំងកុមារពីជាយភូមិមិនឱ្យធ្វើដំណើរតាមផ្លូវសុវត្ថិភាពធម្មតារបស់ពួកគេឆ្លងកាត់ជ្រលងភ្នំទៅកាន់សាលារៀននៅកណ្តាលភូមិនោះទេ។ អ្នកតាំងលំនៅឋានជនជាតិជ្វីហ្វប្រហែល ៧០០.០០០នាក់រស់នៅក្នុងតំបន់ West Bank ក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីនប្រហែល ២,៧ លាននាក់។
