អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដ៏ធំលើគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែន ជាអ្វីដែលទំនងជាត្រូវបានបង្កើនការវាយប្រហារ ដើម្បីកម្ទេចខ្សែត្រៀមការពាររបស់ប្រទេសនេះ មុនពេលបើកការវាយប្រហារនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។

មនុស្ស ៧នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់រុស្ស៊ីលើទីក្រុង Lviv កាលពីថ្ងៃចន្ទ ដែលត្រូវបានបង្កការឆាបឆេះផងដែរនៅក្នុងទីក្រុងភាគខាងលិចមួយនេះរបស់ប្រទេសអ៊ុយក្រែន ដែលតែងតែរួចផុតពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្នុងអំឡុងពេលជិត ២ខែនៃសង្គ្រាម ហើយបានក្លាយជាជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងអ៊ុយក្រែន។ ជាតំបន់ដែលធ្វើឲ្យកំហឹងរបស់វិមានក្រឹមឡាំងកើនឡើងកាន់តែខ្លាំង ទីក្រុង Lviv បានក្លាយជាផ្លូវដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់អាវុធរបស់សម្ព័ន្ធយោធាណាតូ និងក្រុមអ្នកប្រយុទ្ធបរទេសចូលរួមជាមួយកងកម្លាំងអ៊ុយក្រែននៅក្នុងសង្គ្រាមទប់ទល់ប្រទេសរុស្ស៊ី។

អភិបាលតំបន់ Lviv លោក Maksym Kozytskyy បាននិយាយនៅលើបណ្ដាញសង្គមថា មីស៊ីលរបស់រុស្ស៊ីបានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន និងកន្លែងជួសជុលរថយន្តមួយ។ ទាហានរុស្ស៊ីបាននិយាយថា ខ្លួនបានកម្ទេចឃ្លាំងស្តុកអាវុធបរទេសដ៏ធំមួយ ដែលទើបបានបញ្ជូនទៅកាន់អ៊ុយក្រែននាពេលថ្មីៗនេះ៕
អត្ថបទ៖ សុខមាន