សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមរបស់គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) បានបង្ហាញនូវសំណើផ្លូវការ ដើម្បីរារាំងលោកប្រធានាធិបតី Donald Trump កុំឲ្យប្រើប្រាស់វិធានការយោធា លើប្រទេសគុយបា ខណៈរដ្ឋបាលរបស់លោក បានបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់កោះនេះ ដោយបានចោទប្រកាន់ផ្លូវការលើអតីតប្រធានាធិបតី លោក Raul Castro។
ក្រុមប្រជាធិបតេយ្យ លោក Tim Kaine មកពីរដ្ឋ Virginia លោក Adam Schiff មកពីរដ្ឋ California និងលោក Ruben Gallego មកពីរដ្ឋ Arizona បានបង្ហាញនូវសំណើផ្លូវការ ស្តីពីអំណាចសង្គ្រាម ដើម្បីរារាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក លើកោះដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ។

តំណាងរាស្ត្រទាំងនោះ បានលើកឡើងពីការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោកប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ក្នុងការបញ្ជូនកងទ័ព ដើម្បីផ្លាស់ប្តូររដ្ឋាភិបាល នៅទីក្រុងឡាហាវ៉ាន និងរបាយការណ៍ ដែលថា បញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជាឲ្យរៀបចំផែនការវាយប្រហារ ទោះបីជាគុយបាមិនបង្កការគំរាមកំហែងធំដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកក៏ដោយ។
លោក Kaine ដែលជាអ្នកដឹកនាំកិច្ចប្រឹងប្រែងនៅក្នុងសភា ដើម្បីអនុវត្តបទប្បញ្ញត្តិរបស់រដ្ឋធម្មនុញ្ញ ដែលចែងថា គឺស្ថាប័ននីតិបញ្ញត្តិ មិនមែនប្រធានាធិបតីទេ ដែលមានអំណាចប្រកាសសង្គ្រាមនោះ បាននិយាយថា៖ «យោធាអាមេរិក គឺល្អបំផុតនៅលើពិភពលោក ប៉ុន្តែសមាជិកកងទ័ពរបស់យើង មិនគួរត្រូវបានបញ្ជូនទៅក្នុងគ្រោះថ្នាក់នោះទេ នៅពេលដែលមិនមានអត្ថប្រយោជន៍ច្បាស់លាស់ដល់សហរដ្ឋអាមេរិក»។
យ៉ាងណាក្ដី ទោះបីជាសមាជិកសភា រួមទាំងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនផងដែរ មានក្ដីបារម្ភ អំពីការដាក់ពង្រាយកងកម្លាំងអាមេរិកច្រើនលើកច្រើនសាររបស់លោក Trump ក៏ដោយ ក៏វាមិនមានភាពច្បាស់លាស់ភ្លាមៗនោះដែរថា តើការស្នើផ្លូវការ ស្ដីពីអំណាចសង្គ្រាម ពាក់ព័ន្ធនឹងគុយបានេះ នឹងទទួលបានជោគជ័យយ៉ាងដូចម្តេច នៅក្នុងសភា ដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើន ៥៣ ទល់នឹង ៤៧សំឡេង៕
