អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានស្នើផ្ដល់ឲ្យអ៊ុយក្រែននូវតួនាទីដោយផ្ទាល់ នៅក្នុងរចនាសម្ព័ន្ធសហភាពអឺរ៉ុប (EU) ជាជំហានបណ្តោះអាសន្នមួយ ឆ្ពោះទៅកាន់សមាជិកភាពរបស់ប្លុកនេះ ដែលលោកបាននិយាយថា អាចជួយសម្រួលដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី។

នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់មេដឹកនាំ EU ដែលទីភ្នាក់ងារសារព័ត៌មា Reuters បានឃើញ លោក Merz បានលើកឡើងថា អ៊ុយក្រែនអាចត្រូវបានផ្តល់ឋានៈថ្មី ជា «សមាជិកភាពមិនពេញលេញ» ដែលនឹងអនុញ្ញាតឲ្យមន្ត្រីអ៊ុយក្រែនចូលរួមក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំរដ្ឋមន្ត្រីរបស់ EU ប៉ុន្តែមិនអាចបោះឆ្នោតក្នុងកិច្ចប្រជុំទាំងនោះបានឡើយ។
មេដឹកនាំអាល្លឺម៉ង់ក៏បានស្នើឲ្យសមាជិក EU «ប្តេជ្ញាចិត្តខាងនយោបាយ» ដើម្បីអនុវត្តលក្ខខណ្ឌផ្ដល់ជំនួយទៅវិញទៅមករបស់ប្លុកនេះ ចំពោះអ៊ុយក្រែន «ក្នុងគោលបំណងបង្កើតការធានាសន្តិសុខដ៏សំខាន់»។
អ្នកវិភាគ លើកឡើងថា ផ្លូវដ៏ច្បាស់លាស់មួយចូលជាសមាជិករបស់ EU អាចមានសារៈសំខាន់ សម្រាប់លោកប្រធានាធិបតី Volodymyr Zelensky ដើម្បីឲ្យទទួលយកដំណោះស្រាយសន្តិភាពណាមួយ សម្រាប់ជនជាតិអ៊ុយក្រែន ជាពិសេសប្រសិនបើ ដូចដែលមានការរំពឹងទុកយ៉ាងទូលំទូលាយ អ៊ុយក្រែនមិនបានគ្រប់គ្រងទឹកដីទាំងអស់របស់ខ្លួនវិញ ឬចូលរួមជាមួយសម្ព័ន្ធភាពយោធាណាតូ។
សំណើរបស់លោក Merz តំណាងឲ្យការប៉ុនប៉ងស្វែងរកផ្លូវកណ្តាល រវាងការចូលជាសមាជិករហ័ស និងឋានៈបច្ចុប្បន្នរបស់អ៊ុយក្រែនជាប្រទេសបេក្ខជន នៅពេលចាប់ផ្តើមដំណើរការ៕
