កាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នគរបាលអ៊ីស្រាអែលបានបង្ខំសកម្មជនដែលនៅលើកងនាវាជំនួយឆ្ពោះទៅតំបន់ហ្កាហ្សាឲ្យលុតជង្គង់ លើដីជាជួរៗ ដោយដៃរបស់ពួកគេត្រូវបានចងស្លាបសេក (ចងក្រពាត់ទៅក្រោយ) ខណៈពេលដែលរដ្ឋមន្ត្រីម្នាក់ កំពុងសម្លឹងមើល ជាទង្វើដែលនាំឲ្យមានការរិះគន់ពីមេដឹកនាំបរទេស និងសូម្បីតែពីខាងក្នុងរដ្ឋាភិបាលអ៊ីស្រាអែលផ្ទាល់តែម្ដង។
សកម្មជនទាំងនោះត្រូវបានឃុំខ្លួន បន្ទាប់ពីកងនាវារបស់ពួកគេត្រូវបានឃាត់ទុកដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃអង្គារ ហើយក្រោយមកត្រូវបាននាំទៅកាន់កំពង់ផែរបស់អ៊ីស្រាអែល។ កងនាវាទាំងនេះ ដែលបានចេញដំណើរពីភាគខាងត្បូងនៃប្រទេសទួរគី កំពុងព្យាយាមជាថ្មី ដើម្បីផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម បន្ទាប់ពីបេសកកម្មមុនៗ ក៏ត្រូវបានស្ទាក់ចាប់ដោយអ៊ីស្រាអែលផងដែរ។

បន្ទាប់ពីនគរបាលបានឃុំខ្លួនសកម្មជនទាំងនោះ ដែលអ្នករៀបចំ បាននិយាយថា មានមនុស្សចំនួន ៤៣០នាក់ ក្នុងនោះរួមមានទាំងពលរដ្ឋអ៊ីតាលី និងកូរ៉េខាងត្បូងផងដែរ រដ្ឋមន្ត្រីនគរបាលស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម X ដែលបង្ហាញពីមន្ត្រីនគរបាលកំពុងបង្ខំសកម្មជនម្នាក់ឲ្យក្រាបទៅលើដី បន្ទាប់ពីរូបនាងស្រែកថា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន»។ វីដេអូនេះក៏បង្ហាញពីសកម្មជនដែលត្រូវបានឃុំខ្លួនរាប់សិបនាក់ កំពុងលុតជង្គង់ជាជួរៗ ដោយដៃរបស់ពួកគេត្រូវបានចងក្រពាត់ទៅក្រោយ។
ប្រទេសជាច្រើន នៅអឺរ៉ុប កាលពីថ្ងៃពុធ បានរិះគន់យ៉ាងខ្លាំង ចំពោះការប្រព្រឹត្តលើសកម្មជនបែបនេះរបស់អ៊ីស្រាអែល ដោយថ្កោលទោសថា ជាអំពើមិនអាចទទួលយកបាន និងអមនុស្សធម៌។ រដ្ឋមន្ត្រីការបរទេស និងមេដឹកនាំនៃប្រទេសអេស្ប៉ាញ អង់គ្លេស អៀរឡង់ បារាំង អ៊ីតាលី ហូឡង់ និងអូទ្រីស បានពិពណ៌នាអំពីសកម្មភាពរបស់អ៊ីស្រាអែលថា ជាការរំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្ស ខណៈពេលដែលក៏ទាមទារផងដែរឲ្យមានការពន្យល់ ការសូមអភ័យទោស និងការដោះលែងពលរដ្ឋរបស់ពួកគេ៕

