ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីយប់ថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) ថា ប្រធានាធិបតីចិន លោក Xi Jinping អាចនឹងទៅទស្សនកិច្ច នៅកូរ៉េខាងជើង អំឡុងសប្ដាបហ៍ក្រោយ។

ប្រភពរដ្ឋាភិបាលមួយផ្សេងទៀត ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា ក្រុមមន្ត្រីសន្តិសុខ និងពិធីការចិនមួយក្រុម បានទៅដល់ទីក្រុងព្យុងយ៉ាងថ្មីៗនេះ ហើយថា ដំណើរទស្សនកិច្ចរបស់លោក Xi នៅចុងខែឧសភា ឬដើមខែមិថុនា ទំនងជាអាចកើតឡើង។
មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា លោក Xi ដែលបានទទួលប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន នឹងព្យាយាមធ្វើជាអ្នកសម្របសម្រួល រវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។ ក្រសួងការបរទេសកូរ៉េខាងត្បូង មិនបានធ្វើអត្ថាធិប្បាយភ្លាមៗឡើយ ជុំវិញរបាយការណ៍នេះ។
ប្រទេសចិន គឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើង ហើយប្រទេសទាំង២ បានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនង ដែលបានថមថយ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ លោក Kim បានទៅទស្សនកិច្ចទីក្រុងប៉េកាំង ក្នុងឆ្នាំ២០២៥ ហើយបានឈរក្បែរលោក Xi និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំឡុងពេលមានព្រឹត្តិការណ៍ព្យុហយាត្រាយោធាដ៏ធំ៕
