យោធាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) ថា ក្រុមនាវាផ្ទុកយន្តហោះវាយប្រហារ USS Nimitz បានទៅដល់តំបន់ការ៉ាអ៊ីពហើយ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានឲ្យដឹងថា៖ «នាវាផ្ទុកយន្តហោះ USS Nimitz និងក្រុមជំនួយផ្សេងទៀត គឺជាគំរូនៃការត្រៀមខ្លួន និងវត្តមាន ការទៅដល់ និងភាពខ្លាំងក្លាដែលមិនអាចប្រៀបផ្ទឹមបាន និងគុណសម្បត្តិជាយុទ្ធសាស្ត្រ»។
បញ្ជាការនេះបានបន្ថែមថា នាវាផ្ទុកយន្តហោះ USS Nimitz «បានបង្ហាញពីសមត្ថភាពប្រយុទ្ធរបស់ខ្លួននៅទូទាំងពិភពលោក ដោយធានាបាននូវស្ថិរភាព និងការពារលទ្ធិប្រជាធិបតេយ្យ ចាប់ពីច្រកសមុទ្រតៃវ៉ាន់ រហូតដល់ឈូងសមុទ្រអារ៉ាប់»។

គួរបញ្ជាក់ថា ការដាក់ពង្រាយនេះបានកើតឡើងនៅថ្ងៃដដែលដែលរដ្ឋបាលរបស់លោកប្រធានាធិបតីលោក Donald Trump បានប្រកាសពីការចោទប្រកាន់ព្រហ្មទណ្ឌ ប្រឆាំងនឹងអតីតប្រធានាធិបតីគុយបា លោក Raul Castro ជុំវិញការចោទប្រកាន់ថា បានបាញ់ទម្លាក់យន្តហោះស៊ីវិល ២គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមនិរទេសខ្លួន Brothers to the Rescue ដែលមានមូលដ្ឋាននៅទីក្រុង Miami ក្នុងឆ្នាំ១៩៩៦ ជាហេតុការណ៍ដែលបានសម្លាប់មនុស្ស ៤នាក់ រួមទាំងជនជាតិអាមេរិក ៣នាក់ផងដែរ។
លោក Trump បាននិយាយដដែលៗថា គុយបាគឺជា «ប្រទេសបន្ទាប់» បន្ទាប់ពីមានប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានអះអាងថា ប្រទេសកោះគ្រប់គ្រងដោយកុម្មុយនីស្តមួយនេះ នឹងដួលរលំ «ឆាប់ៗនេះ»។
ចំណែកអនុរដ្ឋមន្ត្រីក្រសួងការបរទេសគុយបា លោក Carlos Fernandez de Cossio បានព្រមាននៅថ្ងៃពុធនោះថា វិធានការយោធាណាមួយរបស់សហរដ្ឋអាមេរិក លើមន្ត្រីគុយបាដែលត្រូវបានចោទប្រកាន់ដោយទីក្រុងវ៉ាស៊ីនតោន នឹងជួបប្រទះនឹង «ការតស៊ូយ៉ាងខ្លាំងក្លា» ពីប្រជាជនគុយបា៕

