លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការឧក្រិដ្ឋកម្មនៃរបបក្រុងគីវរបស់ក្រសួងការបរទេសរុស្ស៊ី បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយអំឡុងពេលទស្សនកិច្ចការងារមួយនៅទីក្រុងបាងកកថា បណ្តាប្រទេសអឺរ៉ុបកំពុងព្យាយាមបំផ្លាញការចរចាណាមួយអំពីការដោះស្រាយជម្លោះអ៊ុយក្រែនដោយសន្តិវិធី។

លោកបាននិយាយថា៖«ដោយវិនិច្ឆ័យតាមសេចក្តីថ្លែងការណ៍ផ្លូវការពីមេដឹកនាំសហភាពអឺរ៉ុប និងក្រុមដែលហៅថា E3 (ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង) គេអាចមើលឃើញបំណងប្រាថ្នាដែលមិនអាចផ្សះផ្សាគ្នាបាន ដើម្បីរារាំងទម្រង់នៃការចរចាណាមួយ និងបដិសេធមាគ៌ានយោបាយ និងការទូត ដើម្បីដោះស្រាយជម្លោះ។ ពួកគេប្រកាសថា ពួកគេចង់បានការចរចា ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ពួកគេសម្រេចចិត្តចេញកញ្ចប់ទណ្ឌកម្មមួយទៀត បែងចែកប្រាក់កម្ចីរាប់ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងដាក់ឲ្យ ដំណើរការកម្មវិធីថ្មី ដើម្បីបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន និងផ្គត់ផ្គង់អាវុធ។ មានច្បាប់ចាស់មួយ៖ មើលអ្វីដែលអ្នកនយោបាយធ្វើ មិនមែនអ្វីដែលពួកគេនិយាយនោះទេ។ សកម្មភាពរបស់សហភាពអឺរ៉ុបបង្ហាញពីកង្វះឆន្ទៈទាំងស្រុង ក្នុងការដើរតាមមាគ៌ាសន្តិភាព»។
លោក Miroshnik បានបន្ថែមថា៖«ខ្ញុំជឿថា ពុំគ្រប់គ្រាន់ទេក្នុងការនិយាយថា វាជាការល្អក្នុងការនិយាយជាមួយរុស្ស៊ី រឿងនេះត្រូវតែមានការគាំទ្រដោយសកម្មភាពដែលនឹងបញ្ជាក់ថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ការផ្តល់ហិរញ្ញប្បទានដល់ការបង្ហូរឈាមនៅអ៊ុយក្រែន។ នេះមិនមែនជារឿងអាថ៌កំបាំងទេដែលថា ប្រសិនបើការផ្តល់ហិរញ្ញប្បទានរបស់លោកខាងលិចឈប់ សង្គ្រាមនឹងបញ្ចប់។ នេះ គឺជាការពិតដែលត្រូវបានទទួលស្គាល់ទាំងនៅលោកខាងលិច និងអ្នកសង្កេតការណ៍ខាងក្រៅទាំងអស់។ ប៉ុន្តែសម្រាប់ពេលនេះ ប្រទេសលោកខាងលិចនៅតែបន្តផ្គត់ផ្គង់អាវុធ និងផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន»៕
