ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់យក្សរបស់សហរដ្ឋអាមេរិក គឺ Nvidia បានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ ដែលមានកម្រិតខ្ពស់បំផុត កាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) ហើយបានចេញការព្យាករដ៏រឹងមាំជាងការរំពឹងទុក ខណៈដែលតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) បានបន្តជំរុញកំណើន នៅក្នុងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។
ក្រុមហ៊ុនបានឲ្យដឹងថា ប្រាក់ចំណូលសម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី២៦ ខែមេសា បានកើនឡើង ៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន និងកើនឡើង ២០ភាគរយ ធៀបនឹងត្រីមាសមុន ដោយទឹកប្រាក់ឡើងដល់ចំនួន ៨១,៦ពាន់លានដុល្លារ។
ប្រាក់ចំណូលពីមជ្ឈមណ្ឌលទិន្នន័យ បានឈានដល់កម្រិតខ្ពស់បំផុត ៧៥,២ពាន់លានដុល្លារ ដោយកើនឡើង ៩២ភាគរយ ធៀបនឹងឆ្នាំមុន និងឡើង ២១ភាគរយ ធៀបនឹងត្រីមាសកន្លងមក។ តាមរយៈរបាយការណ៍មុនរបស់ខ្លួន ក្រុមហ៊ុនបានបង្ហាញថា ប្រាក់ចំណូលពីដំណើរការមជ្ឈមណ្ឌលទិន្នន័យ បានឡើងដល់កម្រិត ៦០,៤ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលបណ្តាញ បានកើនឡើងដល់ ១៤,៨ពាន់លានដុល្លារ។
ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia គឺលោក Jensen Huang បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនថា៖ «ការសាងសង់រោងចក្រ AI ដែលជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធធំបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ កំពុងជួយពន្លឿនក្នុងល្បឿនដ៏លឿនអស្ចារ្យ»។
លោក Huang បានបន្ថែមថា «ប្រព័ន្ធ Agentic AI បានចាប់ផ្ដើមកើតឡើងហើយ» ដោយលោកបានបន្ថែមថា ក្រុម Nvidia កំពុងស្ថិតនៅចំចំណុចកណ្តាលនៃការផ្លាស់ប្តូរ ខណៈដែលវេទិការបស់ក្រុមហ៊ុន ដំណើរការ «នៅក្នុងគ្រប់ក្លោដទាំងអស់»៕


