ការិយាល័យឧតុនិយមនិយាយថា ស្រុក Banda ស្ថិតក្នុងរដ្ឋមានមនុស្សរស់នៅច្រើនបំផុត Uttar Pradesh របស់ប្រទេសឥណ្ឌា បានរកឃើញសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរហូតដល់ ៤៨អង្សាសេ ធ្វើឲ្យស្រុកមួយនេះ ក្លាយជាតំបន់រងការវាយប្រហារដ៏អាក្រក់បំផុតដោយសាររលកក្តៅនៅឥណ្ឌា ។
ជីវិតរស់នៅប្រចាំថ្ងៃ រងការរំខាននៅក្នុងស្រុកមួយនេះ ដែលមានពលរដ្ឋរស់នៅជិត ២លាននាក់ ក្នុងនោះ ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរណែនាំឲ្យស្នាក់នៅក្នុងផ្ទះ មិនត្រូវធ្វើដំណើរចេញក្រៅនោះទេ អំឡុងពេលថ្ងៃ ពេលដែលសីតុណ្ហភាពមិនអាចស៊ូទ្រាំបាន ។
លោក Manish Gupta គឺជាអ្នកស្រុកមួយរូបនិយាយថា លោកពុំអាចធ្វើដំណើរចេញពីកន្លែងមួយទៅកន្លែងមួយបាននោះទេ ។ សីតុណ្ហភាពពិតជាក្តៅខ្លាំងណាស់ ។
ក្រុមអ្នកវិទ្យាសាស្រ្តឧតុនិយម ធ្វើការសម្មត់ថា កង្វះខាតសំណើមធម្មជាតិ គឺជាមូលហេតុសំខាន់នៅពីក្រោយសីតុណ្ហភាពហក់ឡើងខ្ពស់បែបនេះ ហើយវានឹងបង្កឲ្យពលរដ្ឋមានជំងឺសុរិយរោគផងដែរ ។
លោកវេជ្ជបណ្ឌិត Vineet Sachan គឺជាគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុក Banda និយាយថា ពួកយើងទទួលអ្នកជំងឺដែលត្អូញត្អែរពីការឈឺពោះ ក្អួតចង្អោរ គ្រុនក្តៅ ឈឺក្បាល វិលមុខ ហើយពួកយើងបានអំពាវនាវឲ្យពួកគេមិនត្រូវចេញក្រៅជាដាច់ខាត ។
ខណៈពេលនោះដែរ កម្មករសំណង់ស៊ូទ្រាំលំបាកខ្លាំង ដោយធ្វើការក្រោមអាកាសធាតុក្តៅខ្លាំង ស្របពេលដែលសីតុណ្ហភាពខ្ពស់ បានវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា ធ្វើឲ្យស្ថានភាពការងារក្រោមពន្លឺព្រះអាទិត្យរបស់ពួកគេ កាន់តែជួបបញ្ហាកើនឡើង ។
ស្របពេលដែលប្រទេសឥណ្ឌាជួបរលកកម្តៅពុំធ្លាប់ដែលមានពីមុននោះ ភាគច្រើននៃកម្មករក្រីក្រនៅក្នុងប្រទេសមួយនេះ ដែលតែងតែធ្វើការកណ្តាលវាលនោះ ងាយរងគ្រោះខ្លាំងបំផុត ចំពោះសីតុណ្ហភាពក្តៅបែបនេះ ។
នៅក្នុងរដ្ឋធានីជាតិញូវដែលី ការិយាល័យឧតុនិយម រឃើញសីតុណ្ហភាពអតិបរមា មានរហូតដល់ ៤៥ អង្សាសេ និង ៤៧ អង្សាសេ ៕

