ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ ២រូប បានប្រាប់ឲ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ បានចេញសេចក្តីណែនាំមួយថា សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតជិតដល់ការផលិតអាវុធរបស់ប្រទេសនេះ មិនគួរត្រូវបានបញ្ជូនទៅក្រៅប្រទេសឡើយ ដែលជាការពង្រឹងជំហររឹងត្អឹងរបស់ទីក្រុងតេអេរ៉ង់ ចំពោះការទាមទារចម្បងដោយសហរដ្ឋអាមេរិក នៅក្នុងដំណើរការចរចាសន្តិភាព។
បទបញ្ជារបស់លោក Ayatollah Mojtaba Khamenei អាចធ្វើឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump មានការខឹងសម្បាបន្ថែមទៀត និងធ្វើឲ្យកាន់តែស្មុគស្មាញដល់កិច្ចចរចា ស្តីពីការបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពមួយ ក្នុងចំណោមប្រភពអ៊ីរ៉ង់ទាំង២ នោះ បាននិយាយថា៖ «ការណែនាំរបស់មេដឹកនាំកំពូល និងការឯកភាពគ្នា នៅក្នុងរង្វង់ស្ថាប័ន គឺថា ការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយ មិនគួរនៅក្រៅប្រទេសនោះទេ»។
ប្រភពទាំងនេះ បានឲ្យដឹងបន្ថែមថា មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ ជឿថា ការបញ្ជូនសម្ភារៈទៅក្រៅប្រទេស នឹងធ្វើឲ្យប្រទេសនេះងាយរងគ្រោះ ដោយសារការវាយប្រហារនាពេលអនាគត ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោក Khamenei មានសិទ្ធិនិយាយចុងក្រោយ លើបញ្ហាសំខាន់ៗបំផុតរបស់រដ្ឋ។ សេតវិមាន និងក្រសួងការបរទេសអ៊ីរ៉ង់ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ ពាក់ព័ន្ធនឹងការលើកឡើងនេះ៕

