រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញទឹកជំនន់ដ៏គំហក់នៅក្នុងទន្លេ បានហូរនាំទៅបំណែកដ៏ធំមួយនៃស្ពានបាក់ នៅខេត្ត Guangdong របស់ប្រទេសចិន ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងរបស់អគារ ស្ពាន និងទន្លេ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន បានឲ្យដឹងថា ស្ពាន Naji និងស្ពាន Naji ទី ២ គឺជាតំបន់សំខាន់មួយដែលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់ ។
មន្ទីរឧតុនិយមក្នុងស្រុក និយាយថា ទីក្រុង Naji ជាទីដែលស្ពានស្ថិតនៅ បានបំបែកកំណត់ត្រាភ្លៀងធ្លាក់ប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងតំបន់កាលពីថ្ងៃទី ២០ ខែឧសភា ។
ដោយឡែក ទីភ្នាក់ងារអាកាសធាតុចិន និយាយថា តំបន់ជាច្រើននៅខេត្ត Jiangxi, Anhui, Hunan, Hubei, Guizhou, Guangxi, Guangdong និងខេត្ត Hainan ប្រឈមហានិភាពខ្ពស់នៃគ្រោះមហន្តរាយធម្មជាតិពាក់ព័ន្ធនឹងភ្លៀងធ្លាក់ រួមទាំងបំណាក់ដី ទឹកជំនន់គំហក់ និងទឹកជំនន់ធ្ងន់ធ្ងរនៅតាមតំបន់ជនបទ ៕

