លោក Wen-ti Sung គឺជាអ្នកវិភាគ និងជាអ្នកវិទ្យាសាស្រ្តនយោបាយមួយរូបរបស់ចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិន និងរុស្ស៊ីនៅតែស្របគ្នាដដែល លើតម្រូវការធ្វើការរួមគ្នា បើទោះបីជាពុំឈានដល់កិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នក៏ដោយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping បានជួបគ្នាកាលពីថ្ងៃពុធ នៅទីក្រុងប៉េកាំង ។
លោក Xi បានស្វាគមន៍លោក Putin យ៉ាងកក់ក្តៅ ជាមួយឆ្មាំកិត្តិយស និងការបាញ់កាំភ្លើងធំនៅមហាសាលប្រជាជន ខណៈក្មេងៗ គ្រវីទង់ជាតិចិន និងទង់ជាតិរុស្ស៊ី ។ ក្រោយមកមេដឹកនាំទាំង ២ បានទទួលទានអាហាររួមគ្នា ផឹកទឹកតែរួមគ្នាជាមួយជំនួយការជិតស្និតប៉ុន្មាននាក់ មុនពេលយន្តហោះរបស់លោក Putinចាកចេញពីប្រទេសចិន ។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈជជែកគ្នាពីភាពស្រុះស្រួលគ្នាលើបញ្ហាសន្តិសុខសកល មេដឹកនាំទាំង ២ ពុំអាចឈានដល់ការទម្លុះភាពទាល់ច្រកដែលទីក្រុងមូស្គូស្វែងរកជាយូរមកហើយនោះទេ ដែលជាកិច្ចព្រមព្រៀងសម្រាប់បំពង់បង្ហូរឧស្ម័នថ្មី ដើម្បីជំរុញបរិមាណកើនឡើងទ្វេដងសម្រាប់ឧស្ម័នធម្មជាតិដែលពួកគេលក់ឲ្យចិន ។
លោក Sung និយាយថា មេដឹកនាំទាំង ២ នៅតែជាដៃគូយូរអង្វែងដែលអាចពឹងពាក់គ្នាបាន ដោយសារតែភូមិសាស្រ្តជិតគ្នា ប៉ុន្តែការប៉ះទង្គិចនៅតែមានថាតើនរណា គួរទទួលយកតួនាទីជា “បងធំ”ឈានមុខគេ ។
ខណៈពេលនោះដែរ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីយប់ថ្ងៃពុធថា ប្រធានាធិបតីចិន លោក Xi Jinping អាចនឹងទៅទស្សនកិច្ចទៅកាន់កូរ៉េខាងជើង អំឡុងសប្ដាបហ៍ក្រោយ ។
ប្រភពរដ្ឋាភិបាលមួយផ្សេងទៀត និយាយដែរថា ក្រុមមន្ត្រីសន្តិសុខ និងពិធីសារចិនមួយក្រុម បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះ ហើយដំណើរទស្សនកិច្ចរបស់លោក Xi ទំនងជាអាចកើតឡើង នៅចុងខែឧសភា ឬដើមខែមិថុនា ៕
