ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះថា ខ្លួននឹងផ្តល់ការគាំទ្រយ៉ាងសកម្មដល់គុយបា ទោះបីជាមានការប៉ុនប៉ងដោយសហរដ្ឋអាមេរិក ក្នុងការសម្លុតកំហែង និងដាក់សម្ពាធកាន់តែខ្លាំងឡើងៗ លើកោះដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តក៏ដោយ។
សហរដ្ឋអាមេរិកបានប្រកាសពីការចោទប្រកាន់ពីបទឃាតកម្ម ប្រឆាំងនឹងអតីតប្រធានាធិបតី លោក Raul Castro កាលពីថ្ងៃពុធ ដែលជាការបង្កើនយ៉ាងខ្លាំង នៅក្នុងយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងគុយបា ជាកន្លែងដែលក្រុមកុម្មុយនីស្តរបស់លោក Castro បានកាន់តំណែង ចាប់តាំងពីបងប្រុសរបស់លោក គឺលោក Fidel Castro បានដឹកនាំបដិវត្តន៍ក្នុងឆ្នាំ១៩៥៩។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងបន្តផ្តល់ការគាំទ្រយ៉ាងសកម្មបំផុតដល់ប្រជាជនគុយបាជាបងប្អូន ក្នុងអំឡុងពេលវេលាដ៏លំបាកបំផុតនេះ»។
លោកស្រីបានបន្ថែម៖ «យើងសូមបញ្ជាក់ជាថ្មីនូវសាមគ្គីភាពពេញលេញរបស់យើងជាមួយគុយបា និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ការបំភិតបំភ័យ ហើយនិងការប្រើប្រាស់វិធានការរឹតត្បិតជាឯកតោភាគីដោយខុសច្បាប់ ការគំរាមកំហែង និងការសម្លុតរកប្រយោជន៍»។
យ៉ាងណាក្ដី លោកស្រី Zakharova មិនបានផ្តល់សេចក្ដីលម្អិត អំពីការគាំទ្រដែលរុស្ស៊ីនឹងផ្តល់ឲ្យគុយបានោះទេ៕